ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ទីក្រុង Brussels ប្រទេសបែលហ្ស៊ិក៖ ទីក្រុងប៉ារីសនិងក្រុង Brussels កំពុងបន្តការការពារប្រឆាំងនឹងការគំរាមកំហែងភេរវកម្មកាលពីថ្ងៃអាទិត្យ ជាមួយនឹងការវាយឆ្មក់និងចាប់ខ្លួននៅរដ្ឋធានីប៊ែលហ្ស៊ិកនេះ។ គួរបញ្ជាក់ផងដែរថា អស់រយៈពេល ៩ ថ្ងៃមកហើយចាប់តាំងពីការវាយប្រហាររបស់ក្រុម ISIS ទៅលើទីក្រុងប៉ារីសដែលបានសម្លាប់មនុស្សចំនួន ១៣០ នាក់នោះ។ អាជ្ញាធរប្រទេសបារាំងបានអោយដឹងថា ការវាយប្រហារនៅទីក្រុងប៉ារីសនេះបានរៀបចំនៅប្រទេសបែលហ្សិក។ យោងតាមលោក Frederic Van Leeuw ព្រះរាជអាជ្ញាសហព័ន្ធប្រទេសបែលហ្ស៊ិក ក្រុមអាជ្ញាធរបានអនុវត្តការសើបអង្កេតចំនួន ២០ ករណីកាលពីថ្ងៃអាទិត្យនិងបានចាប់ខ្លួនមនុស្សចំនួន ១៦ នាក់ ប៉ុន្តែមិនមានអាវុធឬគ្រឿងផ្ទុះត្រូវបានរកឃើញនោះទេ។ មានបុរសម្នាក់ត្រូវបានសង្ស័យថាមានពាក់ពន្ឋ័ទៅនឹងការវាយប្រហារនៅទីក្រុងប៉ារីស បុរសនោះមានឈ្មោះ Salah Abdeslam ជាជនជាតិបារាំងដែលរស់នៅក្នុងប្រទេសបែលហ្ស៊ិក ប៉ុន្តែមិនទាន់បានចាប់ខ្លួននៅឡើយ។ ព្រះរាជអាជ្ញាមិនបានកំណត់អត្តសញ្ញាណណាមួយរបស់ជនសង្ស័យដែលជាប់នៅក្នុងមន្ទីរឃុំឃាំងទាំងនោះទេ។ ទន្ទឹមនឹងនេះ ប៉ូលីសប្រទេសបារាំងក៏បានបង្ហោះរូបភាពបុរសម្នាក់ដែលនិយាយថាជននេះជាអ្នក វាយប្រហារនៅទីក្រុងប៉ារីសនៅលើគណនី Twitter របស់ខ្លួន។ រូបថតនេះត្រូវបានដាក់ជាសាធារណៈដើម្បីទាមទារព័ត៌មានអំពីបុរសម្នាក់នេះដែលក្រុមមន្រ្តីសុំមិនបញ្ចេញឈ្មោះ។ សេចក្តីជូនដំណឹងបានបង្ហាញថា បុគ្គលម្នាក់នេះជាជនល្មើសទីបីដែលបានស្លាប់នៅក្នុងការវាយប្រហារមួយដែលកើតឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកានៅពហុកីឡាដ្ឋាន Stade de France ហើយក៏បាន សួរជាសាធារណៈអំពីដំណឹងផ្សេងៗអំពីជនសង្ស័យណាម្នាក់ដែលស្គាល់។ គួរបញ្ជាក់ផងដែរថា កុមារនៅប្រទេសបារាំងត្រូវបានឆែកកាបូបនៅមុខខ្លោងទ្វារសាលារៀនក្នុង ខណៈដែលអ្នកគ្រប់គ្រងត្រូវ ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នករាល់គ្នានៅក្នុងសាលារៀន នេះបើយោងតាមគេហទំព័ររបស់ក្រសួងអប់រំជាតិ។