ប្រទេសរុស្ស៊ីនិងប្រទេសទួរគីបដិសេធការបន្តសហការណ៍គ្នាអំពីបញ្ហាធ្លាក់យន្តហោះ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៦ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

ប្រទេសរុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលទំនើបទៅកាន់ប្រទេសស៊ីរីកាលពីថ្ងៃពុធដើម្បីការពារយន្តហោះចម្បាំងរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅទីនោះ និងសន្យាថាកងកម្លាំងអាកាសរបស់ខ្លួននឹងបន្តបេសកកម្មហោះនៅជិតដែនអាកាសរបស់ប្រទេសទួរគីបន្ទាប់ពីប្រទេសទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់ខ្លួន។ ក្រុមឧទ្ទាមបះបោរនិងក្រុមឃ្លាំមើលបាននិយាយថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមទម្លាក់គ្រាប់បែកលើតំបន់ដែលក្រុមបះបោរបានកាន់កាប់នៅក្នុងLatakia កាលពីថ្ងៃពុធ នៅជិតកន្លែងដែលយន្តហោះរបស់ខ្លួនត្រូវបានបាញ់ទម្លាក់នោះ។ សហរដ្ឋអាមេរិកនិងអឺរ៉ុបបានជំរុញឱ្យមានភាពស្ងប់ស្ងាត់និងបន្តកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសប្រទេសរុស្ស៊ីលោក Sergei Lavrov ដែលនេះជាសញ្ញានៃការព្រួយបារម្ភជាអន្តរជាតិក្នុងការរំពឹងទុកនៃការកើនឡើងរវាងអតីតសត្រូវសង្គ្រាមត្រជាក់។ ការធ្លាក់យន្តហោះកាលពីថ្ងៃអង្គារនេះគឺជាការប៉ះទង្គិចមួយយ៉ាងខ្លាំង ដែលបានទទួលស្គាល់ជាសាធារណៈរវាងសមាជិកអង្គការណាតូនិងប្រទេសរុស្ស៊ីក្នុងរយៈពេលពាក់កណ្តាលសតវត្សនេះ និងភាពស្មុគស្មាញបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅប្រទេសស៊ីរី។ លោកប្រធានាធិបតីប្រទេសទួរគី Tayyip Erdogan មិនបានធ្វើការសុំទោសនោះទេ ហើយបាននិយាយថាប្រទេសរបស់លោកគ្រាន់តែការពារសន្ដិសុខជាតិរបស់ខ្លួននិងជា “សិទ្ធិរបស់បងប្អូនយើងក្នុងប្រទេសស៊ីរី”។ ក្រុមមន្ត្រីប្រទេសរុស្ស៊ីបានសម្តែងកំហឹងមកលើទង្វើរបស់ប្រទេសទួរគីលើសកម្មភាពនិងវិធានការសងសឹក ក្នុងនោះរួមមានការទប់ស្កាត់ការធ្វើដំណើររបស់ភ្ញៀវទេសចររុស្ស៊ីទៅកាន់រមណីយដ្ឋាននានារបស់ប្រទេសទួរគី និងការរឹតបន្តឹងមួយចំនួនទៀតលើការធ្វើពាណិជ្ជកម្ម។ រដ្ឋមន្ត្រីការបរទេសប្រទេសរុស្ស៊ីលោក Sergei Lavrov បានពិពណ៌រនាថាវាជាសកម្មភាពដែលបានគ្រោងទុក និងបាននិយាយថាវាអាចនឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី។ លោកបន្តថារដ្ឋាភិបាលក្រុងម៉ូស្គូនឹង “ពិចារណាយ៉ាងល្អិតល្អន់ឡើងវិញ” អំពីទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងអង់ការ៉ា។

Russia 27-11-15