ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់ក្នុងភាគពាយព្យប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៩ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

កម្មករជួយសង្គ្រោះនៅក្នុងតំបន់ដែលក្រុមឧទ្ទាមកាន់កាប់បាននិយាយថាការវាយប្រហារតាមអាកាសមួយដែលគេសន្មត់ថាធ្វើឡើងដោយយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់ក្នុងទីក្រុងនៃ អារ៉ីហា (​Ariha) ភាគពាយព្យប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាផ្នែកមួយនៃការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ីនៅជិតព្រំដែនប្រទេសទួរគី។ ជនឧទ្ទាមម្នាក់ប្រចាំតំបន់នោះបានឱ្យដឹងថា ការវាយប្រហារតាមអាកាសដែលធ្វើឡើងដាច់ដោយឡែកពីគ្នានៅជិតព្រំដែនប្រទេសទួរគី យន្តហោះចម្បាំងដែលគេជឿថាជារបស់រុស្ស៊ីបានវាយប្រហារឃ្លាំងរថយន្តដឹកទំនិញមួយកន្លែង ដែលឃ្លាំងនេះក៏ត្រូវធ្លាប់បានធ្វើការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ម្តងរួចមកហើយ ដែលបានកំទេចរថយន្តសណ្តោងចំនួន ១០ គ្រឿងនិងធ្វើអោយមនុស្សស្លាប់ចំនួន ៥ នាក់ផងដែរ។ មន្រ្តីក្រសួងការពារជាតិប្រទេសរុស្ស៊ីមិនទាន់អាចទាក់ទងសុំធ្វើការអត្ថាធិប្បាយអំពីបញ្ហានេះនៅឡើយទេ។ ជនជាតិស៊ីរីនៅតំបន់ដែលពួកឧទ្ទាមកាន់កាប់ភាគពាយ័ព្យនៃប្រទេសស៊ីរីនៅជិតព្រំដែនប្រទេសទួរគីបានរាយការណ៍ថាការវាយប្រហារតាមអាកាសកាន់តែខ្លាំងចាប់ផ្តើមតាំងពីប្រទេសទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីនៅជិតព្រំដែននោះ។ កម្មករជួយសង្រ្គោះបាននិយាយថា ការវាយប្រហារតាមអាកាសមកលើទីផ្សារមួយកន្លែងក្នុងក្រុង អារ៉ីហា (Ariha) ក្នុងខេត្ត អ៊ីដលីប ( Idlib ) បានធ្វើអោយមនុស្សរាប់សិបនាក់រងរបួស។ លោក Mohamed Queissi កម្មករសង្គ្រោះម្នាក់ជាមួយនិងសេវាការពារស៊ីវិលដែលធ្វើប្រតិបត្តិការនៅតំបន់ដែលពួកឧទ្ទាមបានកាន់កាប់បានអោយដឹងថា សាកសពមនុស្សចំនួន ៣១ នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ និងចំនួន ១២ នាក់ផ្សេងទៀតកំពុងកំណត់អត្តសញ្ញាណ។ ក្រុមអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានរាយការណ៍អំពីសង្រ្គាមនេះ និងបានផ្ដល់នូវរបាយការណ៍ចំនួនអ្នកស្លាប់ដំបូងគឺ ១៨ នាក់ក្នុងនោះមានកុមារចំនួន ៤ នាក់និង “សមាជិកអ្នកដឹកនាំគណបក្សប្រឆាំងម្នាក់” ផងដែរ។ ក្រុមនេះបានបន្តថា ចំនួនអ្នកស្លាប់ទំនងអាចនឹងកើនឡើង ជាមួយនឹងចំនួនសរុបនៃអ្នកស្លាប់និងរបួសដល់ទៅ ៦០ នាក់។

Russia Strike 31-11-15