ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥
មនុស្ស ៥ នាក់បានរងរបួសខណៈដែលគេសង្ស័យថាមានគ្រាប់បែកបំពង់មួយបានផ្ទុះឡើងនៅលើស្ពានអាកាសក្បែរស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុង Istanbul កាលពីថ្ងៃអង្គារម្សិលមិញនេះ។ មេស្រុក Bayrampasa លោក Atilla Aydin បាននិយាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ A-Haber បន្ទាប់ពីហេតុការណ៍កាលពីថ្ងៃអង្គារថា ពលរដ្ឋរបស់យើងចំនួន ៥ នាក់បានរងរបួសនៅពេលដែលគ្រាប់បែកបំពង់មួយដែលដាក់ចោលនៅលើរបាំងលើស្ពានផ្ទុះឡើង។ មានសេចក្តីរាយការណ៍មិនច្បាស់លាស់អំពីចំនួនអ្នកស្លាប់និងរបួសនេះ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សម្នាក់ត្រូវបានស្លាប់និង ៦ នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះនេះ។ របាយការណ៍ដំបូងបានបញ្ជាក់ថា ការផ្ទុះនេះបង្កឡើងដោយការបំលែងថាមពល។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហោះរូបថតជាច្រើននៃប្រជាជនដែលកំពុងជម្លៀសខ្លួនចេញពីស្ថានីយរថភ្លើងក្រោមដីខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា រថភ្លើងត្រូវបានបញ្ឈប់នៅស្ថានីយ៍។ ប៉ូលីសទីក្រុងអ៊ីស្តង់ប៊ុលបាននិយាយថា មូលហេតុនៃការផ្ទុះនេះគឺមិនទាន់ដឹងនៅឡើយទេ តែការស៊ើបអង្កេតឧប្បត្តិហេតុកំពុងតែដំណើរការ។ ប្រទេសទួរគីបានពង្រឹងសនិ្តសុខរបស់ខ្លួនចាប់តាំងពីមានមនុស្សជាង ១០០ នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ២ នៅក្នុងទីក្រុងអង់ការ៉ា កាលពីខែតុលា ហើយការវាយប្រហារភេរវកម្មនេះត្រូវបានស្ដីបន្ទោសទៅលើពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS។ ប្រទេសទួរគីដែលជាសមាជិកអង្គការណាតូបានចូលរួមក្នុងយុទ្ធនាការដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងពួកភេរវករក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា គណបក្សកម្មករឃឺដ (PKK) ដែលបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលក្រុងអង់ការ៉ាដើម្បីស្វ័យភាពនៅភាគអាគ្នេយ៍របស់ប្រទេសទួរគីធ្លាប់បានវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Istanbul កាលពីមុន។ គណបក្ស PKK នេះបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅស្ថានីយប៉ូលិសទីក្រុងអ៊ីស្តង់ប៊ុលដែលបានសម្លាប់មនុស្សចំនួន ៤ នាក់កាលពីថ្ងៃទី ១១ ខែសីហាកន្លងទៅនេះ។