ប៉ូលីសបាញ់សម្លាប់ជនសង្ស័យ ២ នាក់បន្ទាប់ពីការតាមប្រមាញ់

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៣ ខែ​ ធ្នូ ឆ្នាំ ២០១៥

ទីក្រុង San Bernardino៖ ជនសង្ស័យប្រដាប់អាវុធ ប្រុសស្រី ២ នាក់ ត្រូវបានបាញ់សម្លាប់ដោយក្រុមប៉ូលីសបន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅក្នុងរដ្ឋ California ដែលធ្វើអោយមនុស្សចំនួន ១៤ នាក់ស្លាប់។ ប៉ូលិសបានបញ្ជាក់ថាជនសង្ស័យប្រដាប់ដោយកាំភ្លើងវែងនិងកាំភ្លើងខ្លីក្នុងសម្លៀកបំពាក់ប្រយុទ្ឋ។ ប៉ុន្មានម៉ោងមុននេះ ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារក្នុងពិធីជប់លៀងថ្ងៃឈប់សម្រាកមួយនៅមជ្ឈមណ្ឌលសហគមន៍ក្រុង San Bernardino។ មនុស្សចំនួន ១៧ នាក់ត្រូវរងរបួស ហើយទីក្រុងត្រូវបានបិទខណៈដែលមន្ត្រីប៉ូលីសរាប់រយនាក់កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង។ FBI មិនទាន់បានបញ្ជាក់អំពីសញ្ញាណាមួយនៃភេរវកម្មនោះទេ ប៉ុន្តែកំពុងតែស្ថិតក្នុងការស៊ើបអង្កេត។ មេប៉ូលីសក្រុង San Bernardino លោក Jarrod Burguan បាននិយាយ៖ ពួកគេបានរៀបចំខ្លួនជាស្រេចចំពោះអ្វីដែលពួកគេចង់ធ្វើ ដែលនេះដូចជាបេសកកម្មមួយរបស់ពួកគេ។ មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីមណ្ឌលសេវាថែទាំសុខភាពខណៈដែលមន្ត្រីប៉ូលិសកំពុងតែតាមប្រមាញ់ជនសង្ស័យទាំងនេះ។ អ្នកផ្សេងទៀតបានចាក់សោខ្លួនឯងនៅក្នុងបន្ទប់រង់ចាំការចូលជួសសង្រ្គោះរបស់ប៉ូលីស។ កូនស្រីរបស់លោក Terry Petit ផ្ងើរសារទៅលោកពីខាងក្នុងមជ្ឈមណ្ឌលនេះថា មនុស្សត្រូវបានបាញ់ស្លាប់នៅក្នុងការិយាល័យរង់ចាំប៉ូលិសមកជួយ។ គួរបញ្ជាក់ផងដែរថា Inland Regional ជាមជ្ឈមណ្ឌលជំនាញជួយដល់មនុស្សពេញវ័យដែល ពិការអវយវ ខុសប្រក្រតីនិងបញ្ហាសុខភាពផ្លូវចិត្ត ប៉ុន្តែការបាញ់ប្រហារនេះហាក់ដូចជាមិនទាក់ទងទៅនឹងអ្នកជំងឺនោះទេ។ ហេតុការណ៍នេះបានរំលឹកអំពីការស្លាប់ជាច្រើនដោយការបាញ់ប្រហារនៅសហរដ្ឋអាមេរិកដែលមានមនុស្សចំនួន ២៦ នាក់ត្រូវបានស្លាប់នៅសាលា Connecticut មួយកាលពីឆ្នាំ ២០១២។ ហេតុការណ៏នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានមនុស្ស ៥ នាក់ត្រូវបានសម្លាប់នៅគ្លីនិក Planned Parenthood មួយកន្លែងក្នុង Colorado។

San Bernardino 03-12-15