ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៥
ប្រទេសស៊ីរី៖ អ្នកប្រយុទ្ធអ៊ីស្លាម IS យ៉ាងហោចណាស់ ៣២នាក់ស្លាប់និង ៤០នាក់ផ្សេងទៀតរងរបួសនៅខេត្ត Raqqa ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យក្នុងការវាយប្រហារតាមអាកាសដែលជឿថាធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកគោលដៅក្នុងការវាយប្រហារលើក្រុមជីហាដ។ គ្រាប់បែកជាង ១៥គ្រាប់ទម្លាក់លើទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងទីជនបទនៃខេត្តនិងនៅជិតរដ្ឋធានី Raqqa។ ក្រុមចម្រុះបាននិយាយថាពួកគេបានវាយប្រហារ Raqqa និងតំបន់ដទៃទៀតនៅភាគខាងជើងនិងខាងកើតប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។ អ្នកអង្កេតការណ៍បាននិយាយថា មួយផ្នែកនៅកណ្តាលប្រទេសស៊ីរីវិញយ៉ាងហោចណាស់មានការវាយប្រហារតាមអាកាសចំនួន ៤៥ដងដែលទំនងធ្វើឡើងដោយប្រទេសរុស្ស៊ី ដែលបានវាយប្រហារមកលើទីក្រុង ប៉ាលម៉ៃរ៉ា (Palmyra) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអ៊ីស្លាមនេះ។ របាយការណ៍បញ្ជាក់ថាមានមនុស្សជាច្រើននាក់រងរបួស ប៉ុន្តែមិនទាន់មានសេចក្តីលម្អិតអំពីចំនួនមនុស្សស្លាប់នៅឡើយទេ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានវាយប្រហារទម្លាក់គ្រាប់បែកមកលើក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីក្នុងការខិតខំប្រឹងប្រែងដើម្បីវាយយកទឹកដីដែលក្រុមនេះបានកាន់កាប់នៅក្នុងប្រទេសទាំងពីរនេះ។