ប្រភពព័ត៌មានពី Independent ចេញផ្សាយថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៥
ប្រទេសស៊ីរី៖ ជនស៊ីវិល ២៦ នាក់ ក្នុងប្រទេសស៊ីរីបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលគេជឿថាធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS។ ក្រុមអង្កេតការណ៍សិទ្ធិមនុស្សប្រទេសស៊ីរីចោទប្រកាន់រដ្ឋាភិបាលចម្រុះថាបានសម្លាប់កុមារចំនួន ៧នាក់ស្ត្រីចំនួន ៤នាក់ និង ១៧នាក់ផ្សេងទៀត។ លោក Rami Abdel Rahman ស្ថាបនិកនៃក្រុមអង្កេតការណ៍សិទ្ធិមនុស្សប្រទេសស៊ីរីបានប្រាប់កាសែត Guardian ថាក្រុម ISIS កាន់កាប់តែនៅជាយក្រុង Al-Khan ទេ នេះជាមូលហេតុដែលមនុស្សស្លាប់ទាំងអស់គឺសុទ្ធតែជាជនស៊ីវិល។ អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិកម្នាក់បានឱ្យដឹងថា យោធានឹងបន្តការស៊ើបអង្កេតលើការចោទប្រកាន់នេះ។ អ្នកនាំពាក្យដដែលបានប្រាប់កាសែត Guardian កាលពីថ្ងៃចន្ទថា យើងទទួលយកការចោទប្រកាន់គ្រប់បែបយ៉ាង និងធ្វើការវាយតម្លៃលើព័ត៌មានទាំងអស់ដែលយើងទទួលបានទាក់ទងនឹងការស្លាប់និងរបួសរបស់ជនស៊ីវិល។ តែបើព័ត៌មាននោះមិនសមហេតុផងយើងនឹងធ្វើការស៊ើបអង្កេត ហើយនឹងប្រកាសជាសាធារណៈអំពីលទ្ធផលដែលយើងទទួលបានពីការស៊ើបអង្កេតនេះផងដែរ។ គួរបញ្ជាក់ផងដែរថាក្រុមចម្រុះចាប់ផ្តើមយុទ្ឋនាការការវាយប្រហារតាមអាកាសក្នុងខែកញ្ញាឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ISIS។