ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៦
ការប្រយុទ្ធគ្នាដោយកាំភ្លើងបានកើតឡើងនៅមូលដ្ឋានទ័ពអាកាសប្រទេសឥណ្ឌា Pathankot នៅភាគខាងជើងរដ្ឋ Punjab នៅពេលដែលមានជនប្រដាប់អាវុធ ៤ ទៅ ៥នាក់បានបើកការវាយប្រហារមកលើអគារ។ របាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយនិយាយថា មានទាហាន ២នាក់និងជនសង្ស័យភេរវករ ២នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារជាមួយឆ្មាំជាតិឥណ្ឌា។ បើយោងតាមទីភ្នាក់ងារ NDTV បានអោយដឹងថាការវាយប្រហារចាប់ផ្តើមនៅម៉ោង ៣:៣០នាទីព្រឹកម៉ោងក្នុងស្រុក (២២ នាទីយប់ថ្ងៃសុក្រ GMT)។ ជនល្មើសត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់រថយន្តដែលលួចបាននិងឯកសណ្ឋានយោធាចូលទៅក្នុងមូលដ្ឋាន។ កងកម្លាំងសន្តិសុខឥណ្ឌាតបតនឹងការវាយប្រហារនេះ និងបានឡោមពន្ឋ័ក្រុមខ្មាន់កាំភ្លើងនៅក្នុងមូលដ្ឋាននេះ។ ទោះបីជាមានយន្តហោះចម្បាំងរបស់ឥណ្ឌា MiG-២៩ និងស្ថានីយ៍ឧទ្ធម្ភាគចក្រនៅក្នុងទីតាំងនេះក៏ដោយ ក៏ក្រុមខ្មាន់កាំភ្លើងមិនអាចវាយប្រហារទៅកាន់ទីតាំងទាំងនោះបានទេ នេះបើយោងតាមការដកស្រង់សម្តីដោយ NDTV។ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Asian News International (ANI) បានរាយការណ៍ថាក្រុមភេរវករប្រហែលជា ៥នាក់បានសម្រុកវាយប្រហារមកលើអាគារ។ យោងតាម ANI ខ្មាន់កាំភ្លើង ២នាក់បានស្លាប់ ហើយកងទ័ពឥណ្ឌាត្រូវបានបញ្ជូនមកកាន់ទីតាំងរួមទាំងឧទ្ធម្ភាគចក្រផងដែរ។ របាយការណ៍មិនច្បាស់ការណ៍ក៏បានបញ្ជាក់ថាទាហាន ២នាក់ក៏បានស្លាប់នៅក្នុងការវាយប្រហារនេះផងដែរ។