ភ្នំពេញ៖ តាមការចង្អុលបង្ហាញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានប្រចាំការ នៃលគជបភ និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេរវកម្ម នារសៀលថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម អ៊ឹង អៀង អនុប្រធាន លគជបភ បានទទួលជួបពិភាក្សារការងារជាមួយតំណាងស្ថានទូតកាណាដា ដឹកនាំដោយលោក Shelley Brown និងមានការចូលរួមដោយឯកឧត្តមជាសមាជិក និងថ្នាក់ដឹកនាំនាយកដ្ឋានចំណុះ លគជបភមួយចំនួនផងដែរ។ នៅក្នុងជំនួបនោះផងដែរ ឯកត្តម អ៊ឹង អៀង ក៏បានធ្វើការពន្យល់ជូនតំណាងស្ថានទូតកាណាដា នូវតួនាទីភារកិច្ច ដែល លគជបភ ទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម ក៏ដូចជាជំហរយ៉ាងម៉ឺងម៉ាត់ ឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមជាមួយតំបន់ ក៏ដូចជាពិភពលោកទាំងមូលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម។ នាឱកាសនោះផងដែរ លោក ឈុន សុជាតិ អនុប្រធាននាយកដ្ឋាន ការពារហេដ្ឋារចនាសម្ព័ន្ធ ក៏បានធ្វើបទបង្ហាញជូនតំណាងស្ថានទូតកាណាដាអំពីតួនាទីភារកិច្ចរបស់ លគជបភ និងសារៈសំខាន់របស់សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដែល លគជបភ បានចងក្រង បោះពុម្ពផ្សាយរួចហើយ មិនតែប៉ុណ្ណោះ លគជបភ ក៏បានធ្វើការបញ្ជ្រាបជូនដល់អង្គភាពពាក់ព័ន្ធតាមខេត្ត រាជធានី ចំនួន១៣ រួចរាល់ហើយផងដែរ។ ជាចុងក្រោយ តំណាងស្ថានទូតកាណាដា ក៏បានថ្លែងអំណរគុណដល់ លគជបភ ដែលបានធ្វើបទបង្ហាញ ក៏ដូចជាពន្យល់នូវអ្វីដែលកម្ពុជាកំពុងធ្វើ កំពុងតែមាន និងជំហរឥតង៉ាករេរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម ជាពិសេសនោះគឺ លគជបភ ដែលជាស្ថាប័នថ្នាក់ជាតិមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលទាំងក្នុងស្ថាប័នជាតិ ក៏ដូចជាអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម៕