ក្រុមហ៊ុន Facebook Inc និយាយនៅថ្ងៃអង្គារថា ក្រុមហ៊ុនកំពុងរៀបចំសម្រាប់យុទ្ធនាការបោះឆ្នោតនៅឆ្នាំ២០២០ របស់ប្រទេសមីយ៉ាន់ម៉ាដែលគ្រោងធ្វើនៅខែវិច្ឆិកាដោយកែលម្អចំពោះការស្វែងរក និងការលុបបំបាត់ពាក្យសម្តីស្អប់ខ្ពើម និងមាតិកាដែលញុះញង់ឱ្យមានអំពើហឹង្សា និងការពារមិនឲ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្រុមហ៊ុនផុសនៅក្នុងប្លុក bit.ly/31KFCKj របស់ខ្លួនថា ក្រុមហ៊ុនបានពង្រីកគោលនយោបាយចំពោះព័ត៌មានមិនពិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូច្នេះឥឡូវនេះក្រុមហ៊ុននឹងលុបចោលនូវព័ត៌មានមិនពិតដែលអាចនាំឲ្យមានការប៉ះពាល់ដល់អ្នកបោះឆ្នោត ឬការបំផ្លាញភាពសុចរិតនៃដំណើរការបោះឆ្នោត។
ក្រុមហ៊ុន Facebook បន្ថែមផងដែរថា ក្រុមហ៊ុនរបស់ខ្លួនកំពុងធ្វើការជាមួយដៃគូចំនួនពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីផ្ទៀងផ្ទាត់លើទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សនយោបាយ។ បច្ចុប្បន្ន ក្រុមហ៊ុនមានដៃគូត្រួតពិនិត្យការពិតចំនួន៣ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចជា៖ក្រុមហ៊ុន BOOM ក្រុមហ៊ុន AFP Fact Check និង Fact Crescendo។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន reuters ផ្សាយថ្ងៃ០១ ខែសីហា ឆ្នាំ២០២០