កងទ័ព​ថៃ​បដិសេធ​ពី​ការត្រៀម​ប្រឆាំងនឹង​បាតុកម្ម​និស្សិត​ដែល​បាន​គ្រោងទុក

0

នៅ​ថ្ងៃ​ចន្ទ ទី១៤ ម្សិលមិញ​នេះ កងទ័ព​ថៃ​បាន​ច្រានចោល​ចំពោះ​សារ​ក្លែងក្លាយ​មួយ​ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ថា កងកម្លាំង First Army Area បាន​ត្រៀម​ទាហាន និង​ប្រដាប់ប្រដា​កុបកម្ម​ប្រឆាំងនឹង​បាតុកម្ម​និស្សិត​ដែល​បាន​គ្រោងទុក​នៅក្នុង​សង្កាត់​របស់ខ្លួន​ក្នុង​ទីក្រុង​បាងកក​នៅ​ចុង​សប្តាហ៍​ខាងមុខនេះ។

អ្នកនាំពាក្យ​កងទ័ព លោក​វរសេនីយ៍ឯក Winthai Suvaree បាន​ច្រានចោល​ចំពោះ​សារ​មេរោគ​នោះ​ថា ជា​ព័ត៌មាន​ក្លែងក្លាយ​ពីព្រោះ​នៅក្នុង​សារ​នោះ​ពុំមាន​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​មិនមាន​ការចុះហត្ថលេខា​ពី​មន្ត្រី​បញ្ជាការ​ណាមួយ​របស់​ក​ង​កម្លាំង First Army Area។

វរសេនីយ៍ឯក Winthai មានប្រសាសន៍ថា សារ​ផ្លូវការ​ពិតប្រាកដ​មួយ​ត្រូវមាន​ចុះ​កាលបរិច្ឆេទ និង​ត្រូវមាន​ចុះហត្ថលេខា​ដោយ​មន្ត្រី​ទទួលបន្ទុក​ម្នាក់។លោក​បន្ថែមថា កងកម្លាំង First Army Area មិនទាន់​ទទួលបាន​ការបញ្ជា​ពី​រដ្ឋាភិបាល ឬ​ការដំឡើងឋានៈ​ខ្ពស់​ណាមួយ​នៅក្នុង​ជួរ​កងទ័ព​ដើម្បី​រៀបចំ​បេសកកម្ម​នៅ​ចំពោះមុខ​ការតវ៉ា​របស់​និស្សិត​ដែល​បានគ្រោង​ទុក​នោះទេ។

សារ​ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​នៅ​ចុង​សប្តាហ៍​មាន​សេចក្តី​ថា កងកម្លាំង First Army Area ត្រៀម​ទាហាន​របស់ខ្លួន​បំពាក់​ដោយ​មួកសុវត្ថិភាព អាវ​ការពារ​កាំភ្លើង ដំបង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក និង​កាំភ្លើង​ជាមួយ​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​ចំពោះមុខ​និស្សិត​ដែល​កំពុង​តវ៉ា។

កងកម្លាំង First Army Area ស្ថិតនៅ​លើផ្លូវ Ratchadamnoen និង​មាន​ចម្ងាយ​តិចជាង​កន្លះ​គីឡូម៉ែត្រ​ពី​វិមាន​រដ្ឋាភិបាល ហើយ​ក្រុមអ្នកតវ៉ា​នាំមុខ​មាន​គម្រោង​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​នៅ​ថ្ងៃអាទិត្យ​នេះ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here