តុលាការ​កាត់ទោស​ឲ្យ​ជនជាតិ​រុស្ស៊ី​ដែល​ហេ​គ​លើ​កម្មវិធី LinkedIn និង Dropbox ជាប់ឃុំ​ខ្លួន​រយៈពេល៧ឆ្នាំ

0

សមាជិក​ក្រុម​ហេ​គ​ឃ័​រ​ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​ហេ​គ​លើ​គេហទំព័រ LinkedIn, Dropbox និង Formspring នៅ​រយៈពេល០៨ឆ្នាំមុន​នៅ​ទីបំផុត​ត្រូវ​តុលាការ​សហព័ន្ធ​នៅ San Francisco ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៨៨ខែ(ច្រើនជាង៧ឆ្នាំ)លើ​ទឹកដី​សហរដ្ឋអាមេរិក។

លោក Yevgeniy Aleksandrovich Nikulin មាន​អាយុ ៣២ឆ្នាំ​មកពី​ទីក្រុង​មូ​ស្គូ​បាន​លួច​ចូលក្នុង​ម៉ាស៊ីន​មេ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាមេរិក​ចំនួន០៣រួមមាន​ក្រុមហ៊ុន LinkedIn ក្រុមហ៊ុន​Dropbox និង​ក្រុមហ៊ុន Formspring ដែលជា​ក្រុមហ៊ុន

បណ្តាញ​សង្គម​ពុំមាន​ដំណើរការ និង​លួច​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ច្រើនជាង​ចំនួន ២០០លាន​នាក់។

នៅ​ចន្លោះ​ខែមីនា និង​ខែកក្កដា ឆ្នាំ ២០១២ លោក Nikulin បាន​លួច​ចូលក្នុង​កុំព្យូទ័រ​របស់ ក្រុមហ៊ុន LinkedIn ក្រុមហ៊ុន Dropbox និង​ក្រុមហ៊ុន Formspring ហើយ​បាន​ដំឡើង​មេរោគ​នៅលើ​កម្មវិធី​ទាំងនោះ ដោយ​អាចអោយ​គាត់​ទាញយក​ទិន្នន័យ​អ្នកប្រើប្រាស់​ពី​ចំនួន​ច្រើនជាង១១៧លាន​នាក់​ពី​អ្នកប្រើប្រាស់​កម្មវិធី LinkedIn និង​កម្មវិធី Dropbox ច្រើនជាង​ចំនួន៦៨លាន​នាក់។

យោងតាម​ប្រភព​ព្រះរាជអាជ្ញា បញ្ជាក់​ឲ្យ​ដឹងថា លោក Nikulin ក៏បាន​ធ្វើការ​ជាមួយ​មនុស្ស​ផ្សេងទៀត(មិន​បញ្ចេញ​ឈ្មោះ) នៅក្នុង​វេទិកា​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺរ​ណិ​ត ដែល​និយាយ​ជា​ភាសា​រុស្ស៊ី​ដើម្បី​លក់​ទិន្នន័យ​របស់​អតិថិជន ដែល​គាត់​លួចបាន។

ក្រៅពី​ការ​លួច​ចូលក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ទាំងបី លោក Nikulin ក៏​ជាប់ចោទ​ពីបទ​ចូល​ប្រើ​អត្តសញ្ញាណប័ណ្ណ​របស់​និ​យោ​ជិ​ក​ក្រុមហ៊ុន LinkedIn និង​ក្រុមហ៊ុន Formspring ដែល​ជួយ​គាត់​អនុវត្ត​ការ​ហេ​គ​កុំព្យូទ័រ​បានសម្រេច។

នាយកដ្ឋាន​យុត្តិធម៌​បាន​និយាយថា “តុលាការ​ក៏បាន​រកឃើញថា​ក្រុមហ៊ុន Automattic ដែលជា​ក្រុមហ៊ុនមេ​របស់ WordPress.com គឺជា​ជនរងគ្រោះ​ក្នុងការ​បំពាន​ពី​សំណាក់​ជនជាប់ចោទ បើទោះបីជា​ពុំមាន​ភ័ស្តុតាង​ណាមួយ​ដែលថា ចុងចោទ​បាន​លួច​យក​អត្តសញ្ញាណ​របស់​អតិថិជន​ក៏ដោយ” ។

លោក Nikulin  ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ទីក្រុង Prague នៅ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ដោយ​ភ្នាក់ងារ Interpol ដែល​ធ្វើ​ការសហការ​ជាមួយ FBI ហើយ​លោក​ត្រូវធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក​នៅ​ខែមីនា ឆ្នាំ២០១៨ ក្រោត​ពី​មាន​ជម្លោះ​លើ​បញ្ហា​ធ្វើ​បត្យាប័ន​ជា​យូរ​មកហើយ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​រុស្ស៊ី។

នៅ​ឆ្នាំ២០១៦ ក្រុម​ហេ​គ​ឃ័​រ​ត្រូវគេ​ចោទប្រកាន់​ពីបទ​បង្ក​បទឧក្រិដ្ឋ​ចំនួន០៩ករណី ដូចជា​លួច​ចូល​កុំព្យូទ័រ លួច​អត្តសញ្ញាណ បង្ក​ការខូចខាត​ដល់​កុំព្យូទ័រ  ចូល​ដំណើរការ​ជួញដូរ​នៅក្នុង​ឧបករណ៍​ដោយ​ពុំមាន​ការអនុញ្ញាត និង​ករណី​ផ្សំគំនិត។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយពី​មានការ​ពន្យារពេល​នៃ​ការសាកល្បង​រយៈពេល​យូរ​ដោយសារ​តែមាន​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា គណៈ​ក​ម្មា​ធិ​សហព័ន្ធ​នៃ​សហរដ្ឋអាមេរិក​រកឃើញ​ថា លោក Nikulin មាន​កំហុស​នៅ​ដើមខែ​កក្កដា​ឆ្នាំ​នេះហើយ​ត្រូវ​តុលា​ករ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៨៨ខែ​នៅ​ថ្ងៃទី២៩ ខែកញ្ញា។

លោក William H. Alsup ចៅក្រម​នៅ​សហរដ្ឋអាមេរិក​បាន​ផ្តន្ទាទោស លោក Nikulin ពីបទ​លក់​ឈ្មោះ​អ្នកប្រើប្រាស់ និង​លេខ​សម្ងាត់ ដោយបាន​លួច​ដំឡើង​មេរោគ​នៅលើ​កុំព្យូទ័រ​ការពារ ករណី​ឃុបឃិត ការ​លួច​ចូល​កុំព្យូទ័រ និង​ការ​លួច​អត្តសញ្ញាណ។

មុនពេល​បើកសវនាកា​រ​កាត់ទោស​នៅ​ថ្ងៃទី២៩ ខែកញ្ញា រដ្ឋអាជ្ញា​សហព័ន្ធ​បាន​ស្វែងរក​ការកាត់ទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល ១៤៥ខែ​ដែល​ស្មើនឹង​រយៈពេល​ច្រើនជាង ១២ឆ្នាំ​នៅក្នុង​ពន្ធនាគារ ការណែនាំ​ដោះលែង​រយៈពេល៣ឆ្នាំ និង​ត្រួត​ពិនិត្យឡើងវិញ។លោក Nikulin បាន​ជាប់​នៅក្នុង​មន្ទីរឃុំឃាំង​សហរដ្ឋអាមេរិក​ចាប់តាំងពី​ការធ្វើ​បត្យាប័ន​ពី​សាធារណរដ្ឋ​ឆែក(Czech Republic) ហើយក៏​ត្រូវ​ជាប់ពន្ធនាគា​រភ្លាម។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន thehackernews ចុះផ្សាយ​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here