ប៉ូលិស​ថៃ​ចាប់បាន​ជនសង្ស័យ​ចំនួន០៤នាក់​ពីបទ​បើក​គេហទំព័រ​ល្បែងស៊ីសង​ខុសច្បាប់

0

នៅ​ថ្ងៃ​អង្គារ ទី១៣ ខែតុលា ថ្មីៗនេះ ប៉ូលិស​មកពី​អង្គភាព​សកម្មភាព​ពិសេស​សម្រាប់បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ថៃ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​បួន​នាក់​ពីបទ​បើក​ល្បែងស៊ីសង​តាម​អ៊ី​ន​ធឺរ​ណិ​ត​នៅលើ​គេហទំព័រ​ចំនួន០៩ហើយ​បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​ប្រមាណ​ចំនួន៧៥លាន​បាត (២,៤ លាន​ដុល្លារ​អាមេរិក)។

លោក​ឧ​ត្ត​ម​សេនីយ៍ Suwat Jangyodsuk អគ្គស្នងការ​រង​នៃ​ការិយាល័យ​ប៉ូលិស​ថៃ​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ជនសង្ស័យ​ទាំង០៤នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី០៩ ខែតុលា និង​ជាប់ចោទ​ពីបទ​បោក​បញ្ឆោត​មនុស្ស​តាមរយៈ​ការផ្សាយពាណិជ្ជកម្ម​ទំនាក់ទំនង​ផ្ទាល់ ឬ​ដោយ​ប្រយោល​ដើម្បី​លេងល្បែង​តាម​អ៊ី​ន​ធឺរ​ណិ​ត និង​លាងលុយកខ្វក់។

ជនសង្ស័យ​ទាំង០៤នាក់​មាន​លោក Taentai Narongkul ជា​អ្នកដឹកនាំ និង​ចំនួន០៣នាក់​ផ្សេងទៀត​ជា​សាច់ញាតិ​របស់លោក និង​ជា​មិត្ត​ជិតស្និទ្ធ។

លោក Suwat មានប្រសាសន៍ថា ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បានរួម​មាន​សាច់ប្រាក់​ចំនួន០១ លាន​បាត រថយន្ត​ទំនើប​ចំនួន១១គ្រឿង នាឡិកា គ្រឿង​តុបតែង​លម្អ សៀវភៅ​ប្រាក់​បញ្ញើ​ធនាគារ៥០ក្បាល គ្រឿង​កុំព្យូទ័រ២៦ឈុត ទូរស័ព្ទដៃ​ចំនួន១០៨គ្រឿង និង​កាំភ្លើងខ្លី​ចំនួន០២ដើម។

លោក Suwat បន្ថែម​ផងដែរ​ថា ទឹកប្រាក់​សរុប​ចំនួន ១៥ពាន់​លាន​បាត​កំពុង​ចរាចរ​នៅក្នុងរយៈពេល០៦ខែ​ចុង​ក្រោយនេះ។ ប៉ូលិស​ថៃ​តែ​ម្នាក់​មិនអាច​បិទ​គេហទំព័រ​ខុសច្បាប់​ទាំងអស់​នោះបានទេ ហើយ​ប៉ូលិស​ត្រូវ​ស្វែងរក​ជំនួយ​ពី​ភ្នាក់ងារ​ផ្សេងទៀត​ដោយសារតែ​ម៉ាស៊ីន​បម្រើ​សេវាកម្ម​ហ្គេម​មាននៅ​ក្រៅប្រទេស​ថៃ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here