កម្មវិធី​ជួញដូរ Crypto ឈ្មោះ Voyager រង​ការវាយប្រហារ​បណ្តាលអោយ​ក្រុមហ៊ុន​បិទ​វេ​ប​សាយ​របស់ខ្លួន

0

កម្មវិធី​រូបិយប័ណ្ណ​គ្រីប​តូ (Cryptocurrency) ដែលមាន​ឈ្មោះថា Voyager បាន​បញ្ឈប់​នូវ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ថ្ងៃទី ២៨ ខែធ្នូ​នេះ​បន្ទាប់ពី​កម្មវិធី​នេះ​បាន​រង​ការវាយប្រហារ​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺរ​ណិ​ត​តាមរយៈ​ការរំខាន​នៅក្នុង  DNS configuration របស់ខ្លួន។ ក្រុមហ៊ុន Voyager Digital LLC គឺជា​ឈ្មួញ​ជួញដូរ​ទៅលើ​រូបិយប័ណ្ណ​គ្រីប​តូ (cryptocurrency) ដែល​អ្នកវិនិយោគ​ជាច្រើន​អាចធ្វើ​ការជួញដូរ​នូវ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​តាមរយៈ​កម្មវិធី Voyager mobile app នេះ។

ក្រុមហ៊ុន​នេះ​បានបង្ហាញ​អំពី​កំណើន​ដ៏​ខ្លាំងក្លា​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០២០ នេះ​ដែលមាន​ការកើនឡើង​ចំនួន ៤០ ដង​នៅក្នុង​រយៈពេល ១២ ខែ​នេះ។ បន្ថែម​ពីនេះ​ទៀត​នោះ ក្រុមហ៊ុន Voyager បច្ចុប្បន្ននេះ​គឺ​គ្រប់គ្រង​ទៅលើ​ប្រតិបត្តិការ​ទឹកប្រាក់​ច្រើនជាង ២០០ លាន​ដុល្លារ​អាមេរិក​ផងដែរ។ នៅ​ថ្ងៃទី ២៨ ខែធ្នូ​នេះ វេ​ប​សាយ​របស់​ក្រុមហ៊ុន Voyager ត្រូវបាន​បិទ​ជាមួយនឹង​ការប្រើប្រាស់​នូវ​ពាក្យ​ថា “currently undergoing maintenance” ដែល​មានន័យថា ស្ថិតនៅក្នុង​ការជួសជុល។

ក្រោយមក ក្រុមហ៊ុន​នេះ​ទម្លាយ​ថា ខ្លួន​រង​នូវ​ការវាយប្រហារ​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺរ​ណិ​ត​ដែលនាំអោយ​បិទ និង​លុបចោល​នូវ​ការបញ្ជាទិញ​នៅក្នុង​ការជួញដូរ​ផងដែរ។ លោក Steve Ehrlich ដែលជា​សហ​ស្ថាបនិក និង CEO របស់​ក្រុមហ៊ុន Voyager និយាយថា​នៅក្នុង​សេចក្តីប្រកាស​មួយ​ថា “ប្រព័ន្ធ​សុវត្ថិភាព​ពិតជា​សំខាន់​មែនទែន​សម្រាប់​ក្រុមហ៊ុន Voyager ។ សម្រាប់​គ្រីប​តូ​ទាំងអស់​ត្រូវបាន​ការពា​រ​សុវត្ថិភាព ហើយ​យើង​ក៏​បិទ​ទៅលើ​ការជួញដូរ​ផងដែរ​នៅលើ​វេ​ប​សាយ​នេះ។ សូម​អរគុណ​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ដែល​ធ្វើការ​រង់ចាំ​យ៉ាង​អំណត់” ។

ក្រុមការងារ​របស់​ក្រុមហ៊ុន​នេះ​មិនទាន់​រកឃើញ​នូវ​បញ្ហា​នៃ​ការរំលោភបំពាន​អ្វី​នៅឡើយ​ទេ​នៅ​ក្នុងខណៈ​ពេលនេះ ប៉ុន្តែ​ក្រុមការងារ​នេះ​បាន​បិទ​ប្រព័ន្ធ​ជាច្រើន​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​អតិថិជន​របស់ខ្លួន។ បន្ទាប់ពី​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺរ​ណិ​ត​នេះ កម្មវិធី Voyager app ពេលនេះ​គឺ​ដំណើរការ​អន​ឡាញ ហើយ​គ្រប់ការ​ជួញដូរ​ទាំងអស់​ក៏​ដំណើរ​ការធម្មតា​វិញ​ផងដែរ​នៅលើ​វេ​ប​សាយ។ ក្រុមហ៊ុន  Voyager ក៏​អោយ​អ្នកប្រើប្រាស់​ទាំងអស់​ធ្វើការ​ផ្លាស់ប្តូរ​នូវ​លេខ​សម្ងាត់ Login និង​ការកែប្រែ​ទៅលើ​ការផ្ទៀងផ្ទាត់ ២ ជំហាន (2-step verification (2fa)) ផងដែរ។ សម្រាប់​ពេលនេះ វា​នៅ​មិនទាន់មាន​ការបង្ហាញ​នូវ​ព័ត៌មាន​លម្អិត​អំពី​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺរ​ណិ​ត​នេះ​ទេ ក្រុមហ៊ុន​នេះ​គ្រាន់តែ​បញ្ជាក់ថា​នេះ​គឺជា​ការវាយប្រហារ DNS Attack ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here