បណ្តាញសង្គម Facebook លុបចោលសារបង្ហោះ និងផ្អាកកម្មវិធីជជែក (chatbot)នៅលើទំព័រគណនីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ពីបទបំពានលើគោលនយោបាយរបស់ក្រុមហ៊ុន Facebook។
គណនីរបស់នាយករដ្ឋមន្ត្រីរូបនោះបានស្នើសុំឱ្យអ្នកតាមដាន (Followers) ផ្តល់ព័ត៌មានលម្អិតអំពីមិត្តភក្តិ ឬសាច់ញាតិដែលមានអាយុ៦០ឆ្នាំ ឬលើសពីនេះ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ ។ ក្រុមហ៊ុន Facebook លើកឡើងថា សកម្មភាពរបស់លោកលោក Benjamin Netanyahu ជាការបញ្ចុះបញ្ចូលអ្នកតាមដាន(Followers)។
ក្រុមហ៊ុនFacebookអ៊ីស្រាអែលអះអាងថាសំណើ(ការផុស)នោះបានបំពានលើគោលនយោបាយរបស់ក្រុមហ៊ុន Facebook ទាក់ទងនឹងទិន្នន័យវេជ្ជសាស្ត្រឯកជន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា chatbot នោះនឹងត្រូវផ្អាករយៈពេលពេញមួយសប្តាហ៍។ Chatbot គឺជាឧបករណ៍នៅក្នុងការផ្ញើសារដោយផ្ទាល់ដោយចម្លើយរបស់វាមានកំណត់ការឆ្លើយតបដោយកុំព្យូទ័រ មិនមែនជាការឆ្លើយតបដោយមនុស្សជាអ្នកសរសេរ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលគណនីហ្វេសប៊ុករបស់លោក Netanyahu មានបញ្ហាចំពោះការបំពានច្បាប់។ នៅពេលនោះផងដែរ គណបក្ស Likud របស់លោក Netanyahu លើកឡើងថា លោកនាយករដ្ឋមន្ត្រីមិនមានគោលបំណងអ្វីនៅក្នុងការផុសនោះ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bbc ចុះផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១