របាយការណ៍ពីក្រសួងយុត្តិធម៌ (DOJ) បានបង្ហាញថា Jerry Ji Guo ត្រូវបានជាប់ពីបទចូលរួមលួចយកនូវរូបិយបណ្ណ cryptocurrency។ យោងតាមលោក Craig D.Fair ដែលជាភ្នាក់ងារស៊ើបអង្កេត FBI បានលើកឡើងថា ឧក្រិដ្ឋជនត្រូវតែបង់ប្រាក់សងទៅជនរងគ្រោះចំនួន ៤,៣លានដុល្លារអាមេរិកបន្ថែមពីលើជាប់ពន្ធនាគារ រយៈពេល៦ខែ។
ឧក្រិដ្ឋជនអាយុ៣៣ ឆ្នាំរូបនេះ រស់នៅ San Francisco, California បានប្រព្រឹត្តិបទល្មើសបោកតាម ប្រព័ន្ធអេឡិចត្រូនិច ៨ករណីនៅពាក់កណ្តាលឆ្នាំ២០១៩ ប៉ូលិសដឹងថាគាត់បានកុហកថាគាត់ជា ទីប្រឹក្សាផ្តល់សេវារូបិយបណ្ណ cryptocurrency។ តែទោះជាយ៉ាងណាលោក Guo មិនបានប្រើប្រាស់លុយជនរងគ្រោះទៅវិនិយោគនៅក្នុងវិស័យ cryptocurrency ទេ។
ភ្នាក់ងារសហព័ន្ធជឿជាក់ថា រូបិយបណ្ណcryptocurrency អាចបង្កជាបញ្ហាធំ ខណៈពេលដែលវាបើកដៃឱ្យក្រុម ឧក្រិដ្ឋជនលាក់ការកត់ត្រា (records) របស់ពួកគេ ទោះបីប្រតិបត្តិការអាចត្រូវបានកត់ត្រាត្រឹមត្រូវក៏ ដោយ៖ “យើងសហការជាមួយដៃគូយើងនៅក្នុងវិស័យឯកជនដើម្បីស្វែងរកលុយដែលបានលួច” បើយោងតាមការចុះផ្សាយដោយ Special Agent Fair។
ក្រសួងយុត្តិធម៌ (DOJ) លើកឡើងថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀម ឧក្រិដ្ឋជននឹងសហការជាមួយ រដ្ឋាភិបាលដើម្បីកំណត់ និងប្រគល់លុយដែលបានលួចត្រលប់មកវិញ។ ជាងនេះទៀត តុលាការបាន បញ្ជាឱ្យប្រគល់លុយដែលបានលួចកាលពីខែកុម្ភៈ ឆ្នាំ២០២០ត្រលប់ទៅម្ចាស់ដើមវិញផងដែរ៕
ប្រភពព័ត៌មាន៖ security newspaper ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា