សមាគម​ជាច្រើន​ជំរុញ​ឲ្យ​ហ្វេស​ប៊ុក​បិទ​លោក​ដូណាល់​ ត្រាំ​ពី​បណ្តាញ​សង្គម​នេះ​ជា​អចិន្ត្រៃយ៍

0

ក្រុម​អ្នក​រិះគន់​ក្រុមហ៊ុន​បណ្តាញសង្គមហ្វេសប៊ុក​រួមជាមួយ​នឹង​ក្រុម​អ្នកតស៊ូមតិ​ជាច្រើន​ទៀត​ បានចេញមុខអំពាវនាវដល់​ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ​របស់​ហ្វេសប៊ុក​កុំ​អនុញ្ញាត​ឲ្យ​លោកត្រាំ​ ប្រើហ្វេសប៊ុក​ឡើង​វិញឲ្យសោះ​ ក្រោយ​ព្រឹត្តិការណ៍​វាយប្រហារ​នាថ្ងៃទី ៦​ ខែមករា​លើវិមានកាពីតូល​ដែលជានិមិត្តរូប​នៃលទ្ធិ​ប្រជាធិបតេយ្យ​របស់សហរដ្ឋអាមេរិក​។

ការអំពាវនាជា​សាធារណៈខាងលើ​ធ្វើឡើងកាលពី​ថ្ងៃសុក្រម្សិលមិញ​ នៅក្នុង​សំណើ​សុំ​រួមមាន​ដែល​មាន​អ្នកចុះហត្ថេលខា​គាំទ្រ​ចំនួន ៩ ០០០ នាក់​។ នេះ​បើយោងតាម​ក្រុម​ប្រឹក្សាភិបាល​ហ្វេសប៊ុក។ ក្រុមហ៊ុនបណ្តាញសង្គម​ហ្វេសហ៊ុកខ្លួនឯងផ្ទាល់​បានស្នើសុំឲ្យ​ស្ថាប័ន​ឯករាជ្យ​ ត្រួតពិនិត្យមើលឡើងវិញ​ នូវការ​បិទ​ខ្ទប់​លោកដូណាល់ ត្រាំ ទាំងស្រុង​ចេញពី​សហគមន៍​អនឡាញនេះ​។

ក្រុមប្រឹក្សា​ត្រួតពិនិត្យដែលជាស្ថាប័ន​ឯករាជ្យ​គឺជា​អ្នក​សម្រេចចុងក្រោយ​ថាតើ​ ត្រូវ​បិខខ្ទប់​ ឬក៏ត្រូវ​អនុញ្ញាត​ឲ្យលោក​អតីត​ប្រធានាធិបតីអាមេរិកាំងដូណាល់ ​ត្រាំ​ អាច​ប្រើ​ហ្វេសប៊ុក ដែលជា​បណ្តាញ​សង្គម​ដ៏​ធំ​បំផុត​របស់ពិភពលោក​។ គេរំពឹងថា​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ហ្វេសប៊ុក​ អាចនឹងធ្វើឡើង​នៅខែមេសា ឆ្នាំ២០២១ ខាងមុខ​។

ក្រុមអ្នករិះគន់មួយក្រុម​មកពី​អង្គការសមាគម​មួយចំនួន​ បាន​សរសេរ​នៅ​ក្នុងលិខិត​មួយថា​ការអនុញ្ញាត​ឲ្យ​លោកដូណាល់ ត្រាំ ​អាច​ប្រើ​ប្រាស់​ហ្វេសប៊ុក​បាន​ឡើង​វិញ គឺ​ប្រៀបបី​ដូចជាបើកដៃឲ្យកើត​មានអំពើ​ហិង្សា ភាពស្អប់ខ្ពើម និងការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ដែល​អាចនឹងធ្វើឲ្យប៉ះពាល់​ដល់​អាយុជីវីតមនុស្ស​ និងធ្វើឲ្យ​អន្តរាយដល់​លទ្ធិ​ប្រជាធិបតេយ្យ​។ ដូច្នោះហើយ ពួកគេសង្ឃឹមថា​ក្រុមហ៊ុនហ្វេសប៊ុក​នឹងគិតគូរ​ពី​បញ្ហានេះ​ ហើយនៅទីបំផុត​ទៅយល់ព្រម​សម្រេច​បិទជា​អចិន្រ្តៃយ៍តែម្តង​នូវ​គណនី​ផ្ទាល់ខ្លួន​របស់​លោក​ដូណាល់ ត្រាំ។

នៅក្នុង​លិខិត​របស់ខ្លួនផ្ញើទៅកាន់​ក្រុមប្រឹក្សាភិបាលហ្វេសប៊ុក​ ក្រុម​សកម្មជនបានរិះគន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះថាបាន​ជួល​ក្រុម​ប្រឹក្សា​ភិបាល ដើម្បីគេចវេស​ពីការ​ទទួលខុសត្រូវ ​លើការសម្រេច​ចិត្តពាក់ព័ន្ធរឿងដែល​លំបាក​។ មិនតែប៉ុណ្ណោះ​ ពួកគេក៏បានអំពាវនាវផង​ដែរឲ្យ​មានច្បាប់​ដើម្បីត្រួតពិនិត្យតាមដាន​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​យក្ស​ដូចជា​ហ្វេសប៊ុកនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here