Microsoft បានធ្វើការប្រកាសចេញកម្មវិធី Office ជំនាន់ក្រោយៗចំនួន 2 ប្រភេទជាផ្លូវការ ដោយពួកវាត្រូវជាកម្មវិធី Office 2021 សម្រាប់អ្នកប្រើប្រាស់ទូទៅ និងកម្មវិធី Office ប្រភេទ LTSC (Long-Term Servicing Channel) សម្រាប់អតិថិជនផ្នែកអាជីវកម្ម ឬក្រុមហ៊ុននានា។ ក្រុមហ៊ុនក៏បានបញ្ជាក់ឲ្យដឹងថា កម្មវិធី Office 2021 របស់ខ្លួន នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ផ្ដើមពីឆ្នាំ 2021 ក្នុងពេលខាងមុខនេះហើយ ដោយមានទាំងនៅលើ Windows និង macOS ដដែល។
រហូតមកដល់ពេលបច្ចុប្បន្ននេះ Microsoft នៅមិនទាន់ចែករំលែកអំពី ការកែប្រែរូបរាងថ្មី ក៏ដូចជាមុខងារថ្មីៗរបស់ Office 2021 នៅឡើយនោះទេ ប៉ុន្ដែយើងគ្រាន់តែបានដឹងហើយថា កម្មវិធី Office ប្រភេទ LTSC នឹងមានមុខងារ Dark Mode, ការប្រើប្រាស់មានភាពងាយស្រួលជាងមុន ហើយបន្ថែមមុខងារ Dynamic Arrays និង XLOOKUP នៅក្នុង Excel ជាដើម។ យ៉ាងណាមិញ កម្មវិធី Office ប្រភេទ LTSC ស៊េរីឆ្នាំ 2021 នេះ នឹងមានតម្លៃខ្ពស់ជាងមុនខ្ទង់ 10% ខណៈពេលដែល កម្មវិធី Office 2021 សម្រាប់អ្នកប្រើប្រាស់ទូទៅ គឺនៅរក្សាតម្លៃដើមដដែល មិនទាន់ឡើងទៅណាឡើយ។ ការធ្វើត្រូវធ្វើឡើងតាមរយៈសេវាកម្ម Microsoft 365 ជាមួយតម្លៃខ្ទង់ 10 ដុល្លារក្នុងមួយខែ ឬខ្ទង់ 100 ដុល្លារក្នុងមួយឆ្នាំ ដោយទទួលបានការប្រើប្រាស់លើកម្មវិធី Office ទាំងអស់ បូករួមទាំងការផ្ដល់ជូនទំហំផ្ទុកមួយចំនួន ទៅលើកម្មវិធី OneNote, OneDrive និង Skype ផងដែរ។
ការដាក់បង្ហាញសាកល្បងសម្រាប់កម្មវិធី Office ប្រភេទ LTSC នឹងធ្វើឡើងនៅខែមេសា ឆ្នាំ 2021 ខាងមុខនេះ ដោយឡែក កម្មវិធី Office 2021 នឹងមិនទទួលបានការសាកល្បង ឲ្យប្រើប្រាស់មុននោះឡើយ។ យើងអាចរំពឹងទុកបានថា កម្មវិធី Office 2021 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows និង macOS ចាប់ផ្ដើមបញ្ចេញឲ្យទិញយក នៅចន្លោះពីពាក់កណ្ដាល ទៅដល់ជិតចុងឆ្នាំនេះ។









