កាលពីអតីតប្រធានាធិបតី Donald Trump នៅកាន់តំណែង លោកបានហាមឃាត់មិនឲ្យមានការនាំចូលទូរសព្ទដៃមានផ្លាកយីហោ Huawei មកកាន់សហរដ្ឋអាមេរិកនោះទេ។ ដូច្នេះក្រុមហ៊ុន Huawei នៅពេលនេះកំពុងតែមានគម្រោងទៅអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់វិស័យចញ្ចឹមជ្រូក និងឧស្សាហ៍កម្មរ៉ែបន្ថែមទៀត។
ការបិទមិនឲ្យមានការនាំចូលទូរសព្ទដៃទៅកាន់សហរដ្ឋអាមេរិកនេះ បានធ្វើឲ្យ Huawei បាត់បង់ទីផ្សារដ៏ធំមួយ ហើយអាចនឹងប៉ះពាល់ដល់ការផលិតទូរសព្ទផងដែរ។ យ៉ាងណាមិញនៅពេលនេះ ក្រុមហ៊ុន Huawei កំពុងតែមានគម្រោងក្នុងការបង្កើតមុខជំនួញថ្មីមួយបន្ថែមទៀត ទាក់ទង់ទៅនឹងការផ្ដល់សេវាខាងផ្នែកបច្ចេកវិទ្យាសម្រាប់កសិដ្ឋានចញ្ចឹមជ្រូក និងឧស្សាហកម្មជីករ៉ែ។ ដោយ Huawei នឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ដ (AI) ក្នុងការជួយតាមដាន និងត្រួតពិនិត្យជំងឺរបស់សត្វជ្រូក ក៏ដូចជាប្រើបច្ចេកវិទ្យា Facial Recognition ដែលអាចកំណត់ពីទម្ងន់ និងរបបអាហាររបស់ពួកវាទៀតផង។ នេះយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បាននិយាយថា “ នេះគឺជាវិធីសាស្រ្ដមួយក្នុងការប្រែក្លាយពីឧស្សាហ៍កម្មប្រពៃណីទៅជាឧស្សាហកម្មក្នុងសម័យ 5G”។ ដូចគ្នានេះដែរ អគ្គនាយកប្រតិបត្តិ Huawei គឺលោក Ren Zhengfei បានប្រកាសថា ក្រុមហ៊ុន Huawei ក៏អាចនឹងអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្មជីករ៉ែផងដែរ ដោយបច្ចេកវិទ្យានេះ អាចនឹងតម្រូវឲ្យមានកម្មករធ្វើការត្រឹមតែ 2 ទៅ 3 នាក់ប៉ុណ្ណោះ ហើយអាចផ្ដល់សុវត្ថិភាព និងប្រសិទ្ធភាពជាងមុនទៀតផង។
មូលហេតុដែលសហរដ្ឋអាមេរិករឹតបន្ដឹងការនាំចូលទូរសព្ទពីក្រុមហ៊ុន Huawei ក៏ដោយសារតែសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ប្រទេសចិនអាចនឹងធ្វើការលួចយកទិន្នន័យពីប្រជាជនអាមេរិកតាមរយៈការប្រើប្រាស់ទូរសព្ទរបស់ក្រុមហ៊ុន Huawei។ មួយវិញទៀត នេះក៏ជាមូលហេតុដែលធ្វើឲ្យ Huawei ត្រូវទៅបង្កើតមុខជំនួញបន្ថែមទៀត ដើម្បីជំនូសឲ្យការខាតបង់ពីការបិទមិនឲ្យនាំចេញទូរសព្ទទៅទីផ្សារសហរដ្ឋអាមេរិក។









