Google បានទម្លាក់មុខងារ Dark Mode ទៅកាន់កម្មវិធីជាច្រើនរបស់ខ្លួនរួចហើយ ប៉ុន្តែក្នុងនោះ ក៏មានកម្មវិធីមួយចំនួនទៀតរបស់គេ នៅមិនទាន់ទទួលបានដែរ ជាក់ស្ដែងដូចជាកម្មវិធីពេញនិយម Google Maps នេះឯង។ យ៉ាងណាក៏ដោយ ពេលនេះ Google បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ហើយថា ពួកគេនឹងនាំយកមុខងារខាងលើ ទៅកាន់កម្មវិធី Google Maps នាពេលឆាប់ៗខាងមុខនេះដូចគ្នា។
Google បានប្រាប់ផ្លូវការហើយថា ពួកគេនឹងនាំយកមុខងារ Dark Mode ទៅកាន់កម្មវិធី Google Maps នៅលើទូរសព្ទឆ្លាត Android នាពេលឆាប់ៗខាងមុខនេះ ដោយក្នុងនោះ វានៅតែរក្សាទម្រង់ប្រើប្រាស់ផ្សេងៗដូចមុនអញ្ចឹង គ្រាន់តែបានប្តូរឲ្យមានផ្ទៃខាងក្រោយពណ៌ខ្មៅ រីឯកន្លែង Search ក៏ដូចជាកន្លែងចុចលើមុខងារផ្សេងៗ បានប្រើប្រាស់ពណ៌ប្រផេះជំនួសវិញ។ នៅក្នុងនោះដែរ សម្រាប់ការបើកប្រើប្រាស់មុខងារខាងលើ គឺមិនមានអ្វីពិបាកឡើយ ដោយអ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់ Setting ក្នុង Google Maps បន្ទាប់ជ្រើសយក Theme (បច្ចុបច្បន្នមិនទាន់មានទេ) នោះយើងនឹងឃើញជម្រើស 3 ប្រភេទ ដែលជម្រើសទីមួយគឺ Always in light theme (មានន័យថា កំណត់យកផ្ទៃសរហូត), Always in dark theme (មានន័យថា កំណត់យកផ្ទៃខ្មៅរហូត) និងចុងក្រោយគឺ Same as device theme (ជាជម្រើសសម្រាប់ឲ្យវាកំណត់យកផ្ទៃស ឬខ្មៅ ដោយស្វ័យប្រវត្តិ អាស្រ័យតាមទូរសព្ទឆ្លាតផ្ទាល់)។
Google មិនបានប្រាប់ពេលវេលាជាក់លាក់ឡើយ គ្រាន់តែបញ្ជាក់ថា មុខងារ Dark Mode នឹងមកដល់អ្នកប្រើប្រាស់ទូទាំងសាកលលោកឆាប់ៗនេះ ដូច្នេះយើងអាចរំពឹងបានថា ទំនងជាមិនយូរទៀតទេ ពោលគឺអាចនឹងសប្តាហ៍ក្រោយៗហ្នឹងឯង។ គួរបញ្ជាក់ដែរថា Google មិនទាន់បានប្រាប់ឡើយ ទាក់ទងនឹងវត្តមានមុខងារ Dark Mode នោះ នៅលើ iOS ដូច្នេះហើយ យើងក៏មិនទាន់អាចប្រាកដបានដែរ ថាអ្នកប្រើប្រាស់ iPhone អាចទទួលបានបទពិសោធន៍ថ្មីនេះ នៅពេលណា។