Netflix បញ្ចេញមុខងារថ្មី Fast Laughs ស្រដៀងទៅនឹង TikTok

0

Netflix បានប្រកាសចេញនូវមុខងារថ្មីមួយសម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួននៅលើប្រព័ន្ធប្រតិបត្ដិការ iOS ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីមួយទៀតគឺមុខងារ Fast Laughs។ ដោយមុខងារនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការទស្សនាឃ្លីបវីដេអូខ្លីៗ ដែលយកចេញពីខ្សែភាពយន្ដហូលីវូដ ខ្សែភាពយន្ដភាគ ក៏ដូចជាឃ្លីបវីដេអូកំប្លែងរបស់តារាកំប្លែង Kevin Hart និង Ali Wong ជាដើម។

យោងទៅតាមអ្នកដឹកនាំផលិតលោក Patrick Flemming បាននិយាយថា វិដេអូឃ្លីបទាំងអស់នេះអាចនឹងត្រូវដាក់បញ្ចូលចាប់ពី 100 វីដេអូឡើងទៅជារៀងរាល់ថ្ងៃ។ ដើម្បីចូលទៅប្រើប្រាស់មុខងារនេះបាន អ្នកប្រើប្រាស់ត្រូវស្វែងរកពាក្យ Fast Laughs នៅលើកម្មវិធី Netflix ផ្ទាល់តែម្ដង ដោយវីដេអូឃ្លីបទាំងអស់នោះនឹងធ្វើការចាក់ដោយស្វ័យប្រវត្ដិ ដែលវាស្រដៀងគ្នាទៅនឹងវីដេអូកំប្លែងៗ នៅលើកម្មវិធី TikTok អញ្ចឹងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់អាចធ្វើការអូសឡើងលើ ឬចុះក្រោម និងអាចប្រើ Sticker រូបសើច LOL នៅពេលកំពុងទស្សនាទៀតផង។ មួយវិញទៀត អ្នកទស្សនាក៏អាចធ្វើការចែករំលែកឃ្លីបកំប្លែងៗ ទាំងនោះទៅកាន់មិត្ដភក្ដិក្នុង iMessage, WhatsApp, Instagram, Snapchat, ក៏ដូចជា Twitter ជាដើម។

គួរបញ្ជាក់ផងដែរថា មុខងារ Fast Laughs នេះនឹងមិនមាននៅលើ Netflix Kid’s Profile នោះឡើយ ហើយទើបតែបានដាក់ឲ្យប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្ដិការ iOS  និងប្រទេសមួយចំនួនដូចជា កាណាដា អង់គ្លេស អូស្រ្ដាលី និងសហរដ្ឋអាមេរិកសិនប៉ុណ្ណោះ។ យ៉ាងណាមិញយើងក៏អាចរំពឹងទុកថា Netflix នឹងដាក់ឲ្យដំណើរការលើប្រព័ន្ធប្រតិបត្ដិការ Android ទូទាំងពិភពលោកខាងមុខនេះដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here