Instagram នឹងបន្ថែមមុខងារថ្មី Live Rooms សម្រាប់ឲ្យមនុស្ស 4 នាក់ចូលរួមក្នុងពេលតែមួយ

0

កាលពីមុន Instagram អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការ Live Video ជាមួយអ្នកដទៃទៀត បានត្រឹម 1 នាក់ប៉ុណ្ណោះ ប៉ុន្ដែនៅពេលនេះ Instagram បានបញ្ចូលនូវមុខងារថ្មីមួយទៀត ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការជជែកលេងកំសាន្ដជាមួយអ្នកប្រើប្រាស់បាន 3 នាក់បន្ថែមទៀត តាមរយៈ Live Rooms។ ដោយកន្លងទៅ មុខងារនេះត្រូវបានដាក់ឲ្យប្រើសាកល្បងនៅក្នុងប្រទេស ឥណ្ឌា និងឥណ្ឌូនេស៊ីម្ដងរួចមកហើយ តែនៅពេលនេះ Instagram ក៏កំពុងតែអភិវឌ្ឍន៍វាបន្ថែមទៀត ដើម្បីដាក់ឲ្យប្រើប្រាស់ទូទាំងពិភពលោកតែម្ដង។

Instagram មានគម្រោងចង់ឲ្យអ្នកប្រើប្រាស់អាចធ្វើការ Live វីដេអូនិយាយគ្នាបានច្រើននាក់ ក្នុងពេលតែមួយ។ ដូច្នេះនៅពេលនេះ Instagram កំពុងតែអភិវឌ្ឍន៍ទៅលើមុខងារថ្មីមួយទៀតគឺ Live Rooms ដោយមុខងារនេះអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការ Live Video Call បានរហូតដល់ទៅ 4 នាក់ក្នុងពេលតែមួយ ដែលវាខុសពីមុខងារ Live កាលពីមុន ដោយយើងអាច Live និយាយគ្នាបានត្រឹមតែ 2 នាក់ប៉ុណ្ណោះ។ ស្ដាប់មើលទៅមុខងារមួយនេះហាក់បីដូចជាការ Live វីដេអូជាលក្ខណៈ Podcast ឬ Talk Show អញ្ចឹង ពីព្រោះយើងអាចធ្វើការជជែកកំសាន្ដជាមួយមិត្ដភក្ដិដទៃទៀត។ ជាងនេះទៅទៀត ការប្រើមុខងារ Live Rooms មួយនេះគឺតម្រូវឲ្យអ្នកប្រើប្រាស់បើកកាមេរ៉ា និងអាចប្រើប្រាស់នូវ Tool Effect ផ្សេងៗ ដើម្បីឲ្យមានភាពទាក់ទាញបន្ថែមទៀត។ ដើម្បីប្រើប្រាស់នូវមុខងារនេះបាន ជាដំបូងយើងត្រូវចូលទៅកាន់កាមេរ៉ា Live Option បន្ទាប់មក ចុចពីលើនិមិត្ដសញ្ញា Rooms ហើយជ្រើសរើសយកមនុស្ស 3 នាក់ទៀត ដែលអ្នកចង់អញ្ជើញឲ្យចូលរួម។

មុខងារថ្មីមួយនេះអាចនឹងផ្ដល់ភាពងាយស្រួលដល់ Content Creator ឬសម្រាប់ការបង្រៀនតាមអនឡាញផ្សេងៗ ដូចជាការហាត់ប្រាណ តន្រ្ដី ផាត់មុខ និងធ្វើម្ហូបជាដើម។ ដោយអ្នកដែលចូលរួមក្នុង Live Rooms នេះ ក៏អាចធ្វើការគាំទ្រដោយការផ្ងើរជា Star ឬ Point ទៅកាន់មិត្ដភិក្ដ និងនរណាម្នាក់ដែលខ្លួនចូលចិត្ដនៅក្នុង Live Rooms នេះផងដែរ។ ចំពោះការដាក់ឲ្យដំណើរការវិញ មុខងារ Live Rooms មួយនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ទូទាំងពិភពលោក ដែលអាចនឹងនៅក្នុងថ្ងៃទី 8 ខែមីនាខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here