អ្នកស្រាវជ្រាវ Avast Threat Labs ទទួលបានព័ត៌មាននានាពីជនរងគ្រោះដែលអាចរងគ្រោះពីការវាយប្រហារពីមេរោគ Ursnif។Ursnif គឺជាមេរោគផ្តោតលើសេវាកម្មធនាគារ និងជាបណ្តាញមួយនៃមេរោគ Gozi។ គេសង្កេតឃើញថា មេរោគទាំងនោះកំពុងរីករាលដាលតាមរយៈឧបករណ៍កេងចំណេញស្វ័យប្រវត្តិកម្មលើឯកសារភ្ជាប់ Spearphishing និងតំណភ្ជាប់ដែលមានគំនិតអាក្រក់។ Ursnif មិនត្រឹមតែមានសមត្ថភាពលួចទិន្នន័យ ប៉ុន្តែវាក៏មានសមត្ថភាពផ្សេងៗទៀតផងដែររួមមានដើរតួជាទ្វាក្រោយ ជាកម្មវិធីមេរោគ(spyware) និងជាមុខងារបញ្ចូលមេរោគទៅក្នុងឯកសារជាដើម។
ជារឿយៗ មេរោគធនាគាររីករាលដាលដោយប្រើល្បិចតាមភាសាដើមរបស់អ៊ីម៉ែល។ ក្នុងចំណោមប្រទេសជាច្រើននៅជុំវិញពិភពលោក មេរោគ Ursnif បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រទេសអ៊ីតាលី។អ្នកស្រាវជ្រាវ Avast បានរកឃើញឈ្មោះរបស់អ្នកប្រើប្រាស់ ពាក្យសម្ងាត់ កាតឥណទាន ធនាគារ និងព័ត៌មានបង់ប្រាក់ដែលមើលទៅហាក់ដូចជាត្រូវបានលួចពីជនរងគ្រោះដែលរងការវាយប្រហារពីមេរោគ Ursnif។ មានភ័ស្តុតាងពីធនាគារអ៊ីតាលីច្រើនជាង១០០កន្លែងដែលបានបង្ហាញពីការរងផលប៉ះពាល់ពីការកំណត់គោលដៅលើព័ត៌មាន និងត្រូវគេលួចព័ត៌មានសម្ងាត់ច្រើនជាង ១៧០០ករណីសម្រាប់ដំណើរការទូទាត់មួយ។
ក្រុមស្រាវជ្រាវបានផ្តួចផ្តើមចែករំលែកព័ត៌មាននេះជាមួយអ្នកទូទាត់ និងធនាគារដែលពួកគេអាចទាក់ទងបាន។ ក្រុមនេះក៏បានចែករំលែកបញ្ហានេះជាមួយក្រុមអ្នកចែករំលែកព័ត៌មានអំពីសេវាកម្មហិរញ្ញវត្ថុដូចជា CERTFin នៅក្នុងប្រទេសអ៊ីតាលី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា