Chainalysis គឺជាក្រុមហ៊ុនវិភាគ blockchain។ ពួកគេផ្តល់ទិន្នន័យ កម្មវិធី សេវាកម្ម និងកិច្ចការស្រាវជ្រាវដល់ភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នប្តូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺរណិតនៅបណ្តាប្រទេសច្រើនជាង៥០ប្រទេស។ ក្រុមហ៊ុននេះចេញផ្សាយរបាយការណ៍ឧក្រិដ្ឋកម្មCryptoឆ្នាំ២០២១ស្តីពីការវិភាគ blockchain ដែលបង្ហាញពីទំនាក់ទំនងមេរោគធំបំផុតក្នុងចំណោមមេរោគនានានៅឆ្នាំ២០២០។ អ្នកស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺរណិតចង្អុលបង្ហាញថា មេរោគ RaaS ជាច្រើនដែលធ្វើការវាយប្រហារឆ្លាស់ពីបណ្តាញមួយទៅបណ្តាញមួយហាក់ដូចជាស្ថិតនៅក្រោមការគ្រប់គ្រងដោយមនុស្សតែមួយ។
តាមរយៈការវិភាគ blockchain អ្នកជំនាញបានស៊ើបអង្កេតរកឃើញឃើញទំនាក់ទំនងដ៏មានសក្តានុពលរវាងមេរោគ Maze មេរោគ Egregor មេរោគ SunCrypt និងមេរោគDoppelpaymer។ មេរោគទាំង៤ក៏បានប្រើប្រាស់យុត្តិសាស្ត្រជំរិតទារប្រាក់ទ្វេដង”( “double extortion”) ដោយមិនត្រឹមតែដកហូតទិន្នន័យពីជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយលើអ៊ិនធឺរណិតដើម្បីជម្រុញបន្ថែមឲ្យជនរងគ្រោះបង់ថ្លៃលោះ។
ដូចដែលបានបញ្ជាក់ខាងលើ មេរោគ Egregor ចាប់ផ្តើមធ្វើសកម្មភាពនៅមុនឆមាសទី៤ នៃឆ្នាំ២០២០ (ពាក់កណ្តាលខែកញ្ញា) ភ្លាមៗ ក្រោយពីមេរោគ Maze អសកម្ម។ អ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមបណ្តាញអ៊ីនធឺរណិតមួយចំនួនយល់ថា នេះជាភ័ស្តុតាងបង្ហាញថាមេរោគ Maze និង Egregor មានទំនាក់ទំនងគ្នាតាមរបៀបណាមួយ។ ប្រភពអ្នកស្រាវជ្រាវ Bleeping Computer បញ្ជាក់ថា មេរោគ Maze និងមេរោគ Egregor មានកូដស្រដៀងគ្នា និងមានកំណត់ត្រាមេរោគដូជគ្នា ហើយថែមទាំងមានជនរងគ្រោះបង់ប្រាក់លោះដូចគ្នាថែមទៀតផង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា