ក្រុមអ្នកស្រាវជ្រាវ Cisco Talos រកឃើញយុទ្ធនាការមួយដែលប្រើប្រាស់ មេរោគ (trojan) Masslogger ដោយវាត្រូវបានរចនាឡើងដើម្បីទាញយក និងបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ពីប្រភពជាច្រើនដូចជា Microsoft Outlook, Google Chrome និងកម្មវិធីផ្ញើសារ Instant Messengers។
យុទ្ធនាការលួចព័ត៌មានសម្ងាត់បង្កប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ Windows ហើយគេរកឃើញថា មេរោគនោះបានកំណត់គោលដៅលើអ្នកប្រើប្រាស់នៅក្នុងប្រទេសតួកគី ឡេតូនី និងអ៊ីតាលី ប៉ុន្តែយុទ្ធនាការស្រដៀងគ្នាមួយចំនួនក៏ធ្លាប់បានរំខានដល់អ្នកប្រើប្រាស់នៅប្រទេសប៊ុលហ្គារីលី ទុយអានី ហុងគ្រី អេស្តូនៀ រូម៉ានី និងអេស្ប៉ាញឆ្នាំមុន។
Masslogger គឺជាកម្មវិធី spyware មួយដែលបានសរសេរនៅក្នុង.NET ។ វាវាយប្រហារផ្តោតលើការលួចយកអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ដែលភាគច្រើននៅលើកម្មវិធីរុក រក(browsers ) ប៉ុន្តែក៏មានលើកម្មវិធីផ្ញើសារ និងអ៊ីម៉ែលដែលមានប្រជាប្រិយភាពជាច្រើនផងដែរ។ វាត្រូវបានចេញផ្សាយនៅខែមេសា ឆ្នាំ២០២០ និងត្រូវបានគេដាក់លក់នៅលើវេទិកាងងឹតក្នុងតម្លៃមធ្យមជាមួយនឹងជម្រើសអាជ្ញាប័ណ្ណមួយចំនួន។
អ្នកស្រាវជ្រាវបានណែនាំថា សូមអ្នកប្រើប្រាស់កុំបើកអ៊ីម៉ែលដែលគួរឱ្យសង្ស័យហើយប្រសិនបើអ្នកប្រើប្រាស់បានបើក សូមបដិសេធកុំធ្វើការទាញយកអ្វីទាំងអស់។ ការប្រើប្រាស់ដំណោះស្រាយការពារមេរោគជឿនលឿនគឺជាជម្រើសល្អបំផុតក្នុងការការពារម៉ាស៊ីនរបស់អ្នក រួមទាំងអ៊ីមែលផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា









