កាលពីឆ្នាំ 2018 កន្លងទៅ Facebook ធ្លាប់បានបញ្ចេញនូវកម្មវិធី Instagram Lite ម្តងរួចមកហើយ ដែលកាលណោះ ស្ថិតក្នុងដំណាក់កាលមិនទាន់ពេញលេញ និងមិនទាន់អាចប្រើប្រាស់បានច្រើនប្រទេសទៀតផង។ ដោយឡែកថ្មីៗនេះ Facebook បានបញ្ចេញកម្មវីធី Instagram Lite សាជាថ្មីម្តងទៀត ដោយលើកនេះ វាត្រូវបានដាក់ឲ្យប្រើប្រាស់នៅ 170 ប្រទេសផ្សេងគ្នា ជាមួយនឹងទំហំធំជាងមុនបន្តិច និងមានមុខងារ Reel ដែលស្រដៀងទៅនឹង Tik Tok ដែរ។
Facebook បានបញ្ចេញកម្មវិធី Instagram Lite នេះជាងមួយរយៈមកហើយ ប៉ុន្តែវាស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយទេ ទើបពេលថ្មីៗនេះ Facebook បានបញ្ចេញកម្មវិធី Instagram Lite ពេញលេញ ដោយវាមានទំហំ 2MB ដែលជំនាន់មុនមានទំហំត្រឹម 573KB តែប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់កម្មវិធី Instagram Lite ជំនាន់ថ្មីនេះដែរ វានៅរក្សាមុខងារមួយចំនួនធំដែលមានក្នុងកម្មវិធី Instagram ក្នុងនោះមានដូចជាមុខងារ ផ្ញើសារ, ប្រើប្រាស់ Sticker GIF និង ថតរូបភាព ឬ វីដេអូសម្រាប់បង្ហោះក្នុងកម្មវិធីបាន គ្រាន់តែវាមិនមានមុខងារ Filters អ្វីជំនួយក្នុងពេលថតនោះទេ។ មួយវិញទៀត វាក៏មានមុខងារបង្កើត ឬទស្សនាវីដេអូខ្លីៗ (Reels) ដែលទើបតែនឹងចេញនៅក្នុងកម្មវិធី Instagram ពេលថ្មីៗនេះដែរ ប៉ុន្តែអ្នកប្រើប្រាស់ Instagram Lite បានត្រឹមតែមើលនូវវីដេអូខ្លីៗប៉ុណ្ណោះ ដោយវាមិនមានមុខងារដើម្បីឲ្យបង្កើតវីដេអូខ្លីៗបាននោះទេ។
កម្មវិធី Instagram Lite នេះគឺធ្វើឡើងជាពិសេសសម្រាប់ឧបករណ៍ដែលដំណើរការដោយ Android មានសមត្ថភាពខ្សោយ ដែលមិនអាចដំណើរការកម្មវិធី Instagram ដើមបាន ហើយវាក៏ប្រើប្រាស់អ៊ីនធើណេតតិចផងដែរ។ សរុបមកវិញ មិនមែនជាលើទីមួយទេដែល Facebook បង្កើតកម្មវិធីបណ្តាញសង្គមដែលប្រើប្រាស់កម្លាំងម៉ាស៊ីនទូរសព្ទតិច សម្រាប់ទូរសព្ទដែលមានសមត្ថភាពខ្សោយអាចប្រើប្រាស់បាន។ តួយ៉ាងកាលពីឆ្នាំ 2015 Facebook បានបញ្ចេញ Facebook Lite មួយឆ្នាំបន្ទាប់មកខ្លួនក៏បានបញ្ចេញ Messenger Lite មួយបន្ថែមទៀត។









