Google បានបញ្ចេញកំណែអាប់ដេតជំនាន់ទី 89 ទៅឲ្យ Chrome កាលពីប៉ុន្មានសប្តាហ៍មុននេះ ប៉ុន្តែកាលនោះ Google មិនបានបញ្ជាក់ព័ត៌មានលម្អិតទាក់ទងទៅនឹងកំណែអាប់ដេតនេះឲ្យយើងបានដឹងនោះទេ។ ដោយឡែក កាលពីពេលថ្មីៗនេះ Google ទើបតែបានបញ្ជាក់ពីព័ត៌មានលម្អិតទាក់ទងទៅនឹងកំណែអាប់ដេត Chrome ជំនាន់ 89 នៅលើ Windows, macOS និង Android។ យ៉ាងណាមិញ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS វិញ Google មិនទាន់បានបញ្ជាក់ឲ្យយើងដឹងនោះទេ។
Google បានបញ្ជាក់ និងផ្តល់ព័ត៌មានបន្ថែមទៀត អំពីការកែប្រែនៅលើកំណែអាប់ដេត Chrome ជំនាន់ទី 89 ដោយ Google បានកាត់បន្ថយការប្រើប្រាស់ RAM នៅពេលដែលយើងបើកប្រើប្រាស់ផ្ទាំង (Tab) នៃផ្ទៃខាងមុខ ចំនួន 100 MiB (104.8576 MB) ឬស្មើនឹង 20 ភាគរយ ក៏ដូចជាធ្វើឲ្យ Brower របស់យើងឆ្លើយតបមកវិញ បានលឿនជាមុនសម្រាប់ Windows និង Android។ មិនទាន់អស់នៅឡើយទេ សម្រាប់អ្នកប្រើប្រាស់ Window វានឹងជួយសន្សំសំចៃកម្លាំង CPU ដែលធ្វើការគណនាទៅលើ Browser ដល់ទៅ 22 ភាគរយ , 8 ភាគរយនៃការគណនារូបភាព, 3 ភាគរយទៅលើ GPU និងជួយឲ្យការរឆ្លើយតបរបស់ Browser ឲ្យលឿនជាងមុន 9 ភាគរយឡើងទៅផងដែរ។ ជាងនេះទៅទៀត សម្រាប់អ្នកដែលប្រើប្រាស់ macOS វិញ វានឹងជួយកាត់បន្ថយការប្រើប្រាស់ RAM ដែលយើងបើកផ្ទាំងផ្សេងៗទុកចោលនៅផ្ទៃខាងក្រោយ 8 ភាគរយ និងជួយឲ្យការប្រើប្រាស់ Browser ប្រើសើរជាមុនដល់ទៅ 65 ភាគរយឯណោះ ដែលធ្វើឲ្យកុំព្យូទ័រ Mac របស់យើងត្រជាក់ និងកាត់បន្ថយសម្លេងកង្ហារថែមទៀតផង។
Google ក៏បានជួយឲ្យកម្មវិធី Chrome នៅលើ Android ដំណើរការប្រើសើរជាងមុនផងដែរ ដោយវាបានកាត់បន្ថយការប្រើប្រាស់ RAM បាន 5 ភាគរយ, បើកដំណើរការ Chrome បានលឿនជាមុន 7.5 ភាគរយ, ទទួលបានទិន្ន័យពីគេហទំព័រដែលយើងបើកបានលឿនជាងមុន 2 ភាគរយបន្ថែម។ ម៉្យាងវិញទៀត សម្រាប់ទូរសព្ទឆ្លាត ដែលមាន RAM 8GB និងដំណើរការដោយ Android 10 ឡើងទៅ នឹងទទួលបានបទពិសោធន៍កាន់តែល្អប្រសើរបន្ថែមទៀត នៅពេលដែលយើងប្រើប្រាស់ Chrome ជំនាន់ថ្មីនេះ ដោយទទួលបានទិន្ន័យពីគេហទំព័រដែលយើងបើកបានលឿនជាងមុន 8.5 ភាគរយ និងប្រើប្រាស់កម្មវិធីរលូនជាមុនដល់ទៅ 28 ភាគរយផងដែរ។








