ប្រមាណជា 2 ខែមុនយើងបានដឹងហើយថា អាមេរិកបានធ្វើការដាក់បញ្ចូលក្រុមហ៊ុនចិនជាច្រើនទៀត ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយក្នុងនោះក៏រួមមានទាំងក្រុមហ៊ុន Xiaomi ដូចគ្នាដែរ។ មូលហេតុធំបំផុតដែលអាមេរិកធ្វើបែបនោះ គឺដោយសារតែក្រសួងការពារជាតិរបស់គេ ចោទប្រកាន់ថា Xiaomi គឺជាក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនងជាមួយយោធាចិន ប៉ុន្តែបន្ទាប់ពីនោះ Xiaomi ក៏មានប្រតិកម្មតបទៅវិញយ៉ាងឆាប់រហ័សដែរ និងបានបញ្ជាក់ថា ពួកគេមិនបានធ្វើដូចដែលអាមេរិកចោទប្រកាន់ឡើយ ថែមទាំងបានដាក់ពាក្យបណ្ដឹងប្ដឹងតប ទៅក្រសួងការពារជាតិរបស់អាមេរិកវិញផងដែរ។
នៅក្នុងពេលនេះវិញ ការប្តឹងតបរបស់ Xiaomi បានលេចចេញជាផ្លែផ្កាហើយ ពោលគឺតុលាការស្រុករបស់អាមេរិក បានសម្រេចថា បញ្ឈប់ការចោទប្រកាន់របស់អាមេរិក ដែលចោទថា Xiaomi គឺជាក្រុមហ៊ុនមានទំនាក់ទំនងជាមួយយោធាចិន ហើយក៏បានបញ្ឈប់ការដាក់ពិន័យពីសំណាក់អាមេរិក ដែលបានហាមឃាត់មិនឲ្យជនជាតិអាមេរិកទាំងអស់ ធ្វើការវិនិយោគជាមួយ Xiaomi បន្តទៀតដែរ។ នៅក្នុងនោះដែរ ចៅក្រមរបស់អាមេរិកបានបញ្ជាក់ថា ការចោទប្រកាន់ពីក្រសួងការពារជាតិអាមេរិកនេះ គឺជាការបំពាន និងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន Xiaomi។ យ៉ាងណាក៏ដោយ កន្លងទៅនេះ Xiaomi ក៏ធ្លាប់បានចេញលិខិតអះអាងថា ពួកគេមិនត្រូវបានគ្រប់គ្រង ឬមានទំនាក់ទំនងណាមួយជាមួយយោធាចិនឡើយ ហើយការចោទប្រកាន់របស់អាមេរិកនោះ គឺបានបង្ករការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនខ្លួន ក្នុងទីផ្សារសកល ជាពិសេសនោះ គឺធ្វើឲ្យអ្នកវិនិយោគរបស់គេ ដែលភាគច្រើនជាជនជាតិអាមេរិក មិនអាចបន្តការវិនិយោគតទៅទៀត។
បើតាមការសម្រេចខាងលើ អាចនិយាយបានថា Xiaomi បានយកឈ្នះក្តី ហើយក្រុមហ៊ុននេះ ក៏បានបញ្ចេញលិខិតថ្មីបញ្ជាក់ពីបញ្ហានេះ រួចរាល់ហើយដែរ ព្រមទាំងបានប្រាប់បន្ថែមថា ពួកគេនឹងធ្វើការបន្តស្នើរសុំទៅកាន់តុលាការ ដើម្បីឲ្យធ្វើការលុបចេញជាអចិន្ត្រៃយ៍ នូវឈ្មោះក្រុមហ៊ុនរបស់ខ្លួន ពីការចោទប្រកាន់ថា មានពាក់ព័ន្ធជាមួយយោធាចិនផងដែរ។ ហេតុនេះបើតាមការសម្រេចរបស់តុលាការ គឺយើងអាចប្រាកដបានហើយថា Xiaomi នឹងមិនត្រូវទទួលរងនូវការពិន័យណាមួយពីសំណាក់អាមេរិកនោះទេ។









