លោក Adam Mosseri ត្រូវជាប្រធានជាន់ខ្ពស់ប្រចាំ Instagram បានបញ្ជាក់ជាផ្លូវការថា ក្រុមការងាររបស់ខ្លួន កំពុងតែអភិវឌ្ឍន៍កម្មវិធីផ្ទាល់ខ្លួនមួយទៀត ដើម្បីអនុញ្ញាតឲ្យក្មេងក្រោមអាយុ 13 ឆ្នាំអាចប្រើប្រាស់បណ្ដាញសង្គមបាន ដោយមានសុវត្ថិភាពខ្ពស់ជាពិសេស។ អ្វីដែលយើងបានដឹងខ្លះៗមកហើយ នោះគឺថាវានឹងមានលក្ខណៈ ស្រដៀងគ្នាទៅនឹងកម្មវិធី Messenger Kids អ៊ីចឹងដែរ ដោយក្មេងៗក្រោមអាយុ 13 ឆ្នាំទាំងអស់ អាចទំនាក់ទំនងគ្នាបាន ហើយមិនធ្វើការរួមបញ្ចូលគ្នា ជាមួយកម្មវិធីរបស់មនុស្សធំនោះទេ។
សម្រាប់ដំណឹងថ្មីមួយនេះ ត្រូវបានលាតត្រដាងជាផ្លូវការមក បន្ទាប់ពី Instagram បានប្រកាសថា ពួកគេនឹងមានប្រព័ន្ធសុវត្ថិភាពថ្មី ដើម្បីការពារកុំឲ្យមនុស្សធំ ធ្វើការឆាតទៅអ្នកប្រើប្រាស់ ដែលមានអាយុចាប់ពី 13 ឆ្នាំដល់ 17 ឆ្នាំបាន ដោយគ្មានការអនុញ្ញាតពីក្មេងទាំងនោះ។ ចំណែកឯកម្មវិធី Instagram Kids ដែលបង្កើតឡើងសម្រាប់ក្មេងក្រោមអាយុ 13 ឆ្នាំជាពិសេសវិញ នឹងត្រូវការឲ្យអាណាព្យាបាល ធ្វើការគ្រប់គ្រងបន្ថែមពីលើពួកគាត់ ទើបបានអនុញ្ញាតឲ្យប្រើប្រាស់ជាសាធារណៈបាន។
នាពេលបច្ចុប្បន្ននេះ ក្មេងៗចាប់ពីអាយុ 13 ឆ្នាំឡើងទៅ ទើបអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមបាន ដូច្នេះហើយបានជា Facebook បង្កើតកម្មវិធី Messenger Kids និង Instagram ក៏គ្រោងបញ្ចេញកម្មវិធីជំនាន់ Kids ផ្ទាល់ខ្លួននោះដែរ។ យ៉ាងណាមិញ ចំពោះថ្ងៃប្រកាសចេញជាផ្លូវការ របស់កម្មវិធីផលិតឡើងសម្រាប់ក្មេងៗនោះ គឺនៅមិនទាន់ត្រូវបាន Instagram ធ្វើការប្រកាសប្រាប់នៅឡើយទេ។