Apple បញ្ឈប់ការអនុញ្ញាតអោយទម្លាក់ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 14.4

0

កាលពីថ្ងៃទី 8 មីនា ឆ្នាំ 2021 កន្លងទៅ Apple បានធ្វើការបញ្ចេញកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS 14.4.1 ដើម្បីបិទចន្លោះប្រហោង និងជួសជួលបញ្ហាដែលកើតមានឡើងនៅលើ iOS 14 ជំនាន់មុនៗ ក៏ដូចជាពង្រឹងប្រព័ន្ធសុវត្ថិភាពឲ្យកាន់តែរឹងមាំជាងមុនផងដែរ។ ជាក់ស្តែង ក្រោយពីបានធ្វើការអាប់ដេតរួចហើយ អ្នកប្រើប្រាស់នឹងមិនងាយរងគ្រោះលើបញ្ហាសុវត្ថិភាព រៀងរាល់ពេលដែលបានបើកគេហទំព័រ ដែលមានបង្កប់មេរោគទៀតនោះទេ។ ដូច្នេះបើគិតទល់មកដល់ពេលនេះ ប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាបានអាប់ដេតទៅកាន់ iOS 14.4.1 រួចរាល់ហើយ។

ជាទម្លាប់បន្ទាប់ពីបានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចុងក្រោយជាផ្លូវការហើយ យ៉ាងយូរត្រឹម 3 ទៅ 4 សប្តាហ៍បន្ទាប់ពីនោះ Apple នឹងធ្វើការបិទលែងអនុញ្ញាតឲ្យយើងធ្វើការទម្លាក់ទៅកាន់ iOS ជំនាន់ក្រោមនេះហើយ។ ជាក់ស្តែង បន្ទាប់ពីបានបញ្ចេញ iOS 14.4.1 បានប្រហែលជាជាង 1 សប្តាហ៍រួចមក នៅក្នុងថ្ងៃនេះ Apple លែងអនុញ្ញាតឲ្យយើងធ្វើការទម្លាក់ទៅកាន់ជំនាន់ iOS 14.4 ទៀតហើយ។ ដូច្នេះមានន័យថា អ្នកប្រើប្រាស់ទាំងអស់ដែលបានដំឡើងទៅកាន់ iOS 14.4.1 រួចហើយ មិនអាចធ្វើការទម្លាក់ទៅកាន់ iOS 14.4 វិញបានទៀតនោះទេ។ គួរបញ្ជាក់ផងថា ការទម្លាក់ជំនាន់ iOS គឺមានសារៈសំខាន់សម្រាប់អ្នកដែលមានបំណងចង់ធ្វើការ Jailbreak ក៏ដូចជាសម្រាប់អ្នកប្រើប្រាស់មួយចំនួនផ្សេងៗទៀត ដែលចង់ត្រឡប់ទៅកាន់ iOS ជំនាន់មុនវិញ ព្រោះពេលខ្លះពួកគេអាចជួបប្រទះនឹងបញ្ហាមួយចំនួន ឬក៏មុខងារថ្មីខ្លះដែលរំខានដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ បន្ទាប់ពីបានតម្លើងទៅកាន់ iOS ជំនាន់ចុងក្រោយរួច។

ចំពោះមូលហេតុដែល Apple តែងតែបិទលែងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការទម្លាក់ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ក្រោម បន្ទាប់ពីពួកគេបានបញ្ចេញកំណែអាប់ដេត iOS ជំនាន់ចុងក្រោយនោះ គឺដើម្បីជំរុញឲ្យអ្នកប្រើប្រាស់ទាំងអស់ស្ថិតនៅលើជំនាន់ iOS ជំនាន់ចុងក្រោយជានិច្ច ព្រោះដើម្បីធានាបានសុវត្ថិភាព ក៏ដូចជាស្ថេរភាពនៃការប្រើប្រាស់ iPhone ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here