Tesla គឺជារថយន្តអគ្គិសនី ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ អ្នកប្រើប្រាស់នៅបណ្ដាប្រទេសធំៗក្នុងពិភពលោក ហើយជាក់ស្ដែងក្រុមហ៊ុននេះ ក៏បានបញ្ចេញរថយន្តរបស់ខ្លួនជាច្រើនម៉ូឌែលរួចមកហើយដែរ ជាក់ស្ដែងដូចជា Model S, Model X, Model 3 និង Model Y ផងដែរ។ មិនថាម៉ូឌែលណានោះទេ ចំណុចសំខាន់មួយក្នុងនោះ គឺមុខងារ Autopilot នេះឯង ដែលជាមុខងារបើកបរដោយស្វ័យប្រវត្តិ ជាជំនួយដល់អ្នកបើក តាមរយៈការប្រើប្រាស់កាមេរ៉ា និងសេនស័រ ដែលមានលើរថយន្តទាំងនោះ ហើយនេះក៏ជាចំណុចមួយ ដែលធ្វើឲ្យមានហាមឃាត់ពីសំណាក់យោធាចិនដែរ។
បើតាមរបាយការណ៍ ដែលយើងទើបទទួលបានថ្មីៗនេះ បានឲ្យដឹងថា យោធាចិនបានចេញច្បាប់ថ្មី ហាមឃាត់មិនឲ្យការប្រើប្រាស់រថយន្ត Tesla នៅក្នុងទីតាំង ឬតំបន់ដែលយោធារបស់គេធ្វើការនោះឡើយ លើសពីនេះទៅទៀតនោះ គឺបានហាមឃាត់សូម្បីតែការចត ក្នុងបរិវេណកន្លែងរបស់គេផងដែរ។ ហេតុនេះហើយ សម្រាប់អ្នកបើកបររថយន្ត Tesla គឺចាំបាច់ត្រូវតែចតរថយន្តរបស់គេ នៅក្រៅបរិវេណ នៃកន្លែងរបស់យោធាចិនធ្វើការដាច់ខាត។ ការហាមឃាត់នេះដែរ គឺដោយសារតែយោធាចិនគិតថា Tesla បានប្រើប្រាស់កាមេរ៉ា និងសេនស័រជាច្រើន ដែលមាននៅលើរថយន្តរបស់គេនោះ ធ្វើការតាមដានទីតាំង និងប្រមូលយកទិន្នន័យផ្សេងៗ ពីកន្លែងរបស់គេធ្វើការ ដែលអាចបង្ករជាបញ្ហាដល់ការបែកធ្លាយរឿងសម្ងាត់ផ្សេងៗ ក្នុងវិស័យយោធារបស់ខ្លួន។
គួរបញ្ជាក់ថា នៅលើរថយន្តនីមួយៗរបស់ Tesla គឺមានប្រើប្រាស់កាមេរ៉ាជាច្រើនគ្រាប់ ដើម្បីជំនួយដល់ការបើកបរ ក៏ដូចជាដើម្បីប្រើប្រាស់ទៅលើមុខងារ Autopilot ហើយទន្ទឹមគ្នានោះ គេក៏បានប្រើប្រាស់សេនស័រ Ultrasonic ដែរ ដើម្បីឲ្យអង្គគណនាក្នុងរថយន្ត អាចគណនាបានយ៉ាងត្រឹមត្រូវបំផុត រវាងគម្លាតពីរថយន្តនោះ ទៅកាន់រថយន្ត ឬវត្ថុផ្សេងៗទៀតតាមដងផ្លូវ។
បើទោះជាគោលដៅរបស់ Tesla ក្នុងការបំពាក់កាមេរ៉ា និងសេនស័រជាច្រើននោះ ដើម្បីមុខងារខាងលើក៏ដោយ ប៉ុន្តែយោធាចិនគិតថា វាប្រាកដជាអាចទៅរួច ដែលក្រុមហ៊ុនរថយន្តនេះ ប្រើប្រាស់កាមេរ៉ានោះ ក្នុងផ្លូវផ្សេង ហេតុនេះហើយ បានជាសម្រេចធ្វើការហាមឃាត់ មិនឲ្យមានការប្រើប្រាស់ នៅក្នុងតំបន់នៃរបស់យោធាចិននោះឡើយ។