ពេលនេះ វាមិនមែនតែក្រុមហ៊ុនជាច្រើននោះទេដែលប្រឈមមុខទៅនឹងការវាយប្រហារនៅលើអ៊ីនធឺរណិតនោះ សូម្បីតែអ្នកវិនិយោគជាច្រើនក៏កំពុងតែប្រឈមមុខទៅនឹងការវាយប្រហារពីហេគឃ័រផងដែរ។
អាជ្ញាធរនិយ័តករឧស្សាហកម្មហិរញ្ញវត្ថុ (Financial Industry Regulatory Authority) និយាយនៅក្នុងសេចក្តីប្រកាសមួយថា ខ្លួនបានទទួលនូវការរាយការណ៍ជាច្រើនដែលពាក់ព័ន្ធទៅនឹងការហេគទៅលើគណនីរបស់អ្នកប្រើប្រាស់ដែលជាប្រភេទឈ្មួញជើងសារ។
លោក Ari Jacoby នាយកប្រតិបត្តិ និងសហស្ថានិករបស់ក្រុមហ៊ុនសុវត្ថិភាពអ៊ីនធឺរណិត Deduce និយាយថា វាមានការកើនឡើងខ្លាំងទៅលើការវាយប្រហារដល់ទៅ 250% ចាប់ពីឆ្នាំ 2019 ទៅឆ្នាំ 2020 នេះ។ គាត់ប្រាប់ទៅកាន់ស្ថាប័ន Security.org ថា គណនីជាច្រើនត្រូវបានហេគហើយវាមានការខាតបង់ទឹកប្រាក់ជាង 15 ពាន់លានដុល្លារអាមេរិក។ ការកើនឡើងនៃកម្មវិធី Apps ដោយប្រើប្រាស់នូវ username និង password ដែលគ្មានភាពភាពរឹងមាំនោះក៏ងាយស្រួលសម្រាប់ហេគឃ័រក្នុងការហេគគណនីផងដែរ។
លោក Ari Jacoby បន្ថែមថា “ការប្រើប្រាស់នូវ username និង password ដូចគ្នានៅលើគណនីដែលគ្រប់គ្រងច្រើននោះអាចជាហានិភ័យក្នុងការប្រើប្រាស់ផងដែរ។ សូមប្រើប្រាស់នូវ username និងpassword ផ្សេងគ្នា ឬកម្មវិធី password manager ដើម្បីគ្រប់គ្រងទៅលើលេខសម្ងាត់ទាំងនេះ។ បន្ថែមពីនេះទៀត អ្នកត្រូវប្រើប្រាស់នូវ 2FA ដើម្បីផ្ទៀងផ្ទាត់ទៅលើការ login ផងដែរ”៕