ថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់សាច់ធំបំផុតរបស់សហរដ្ឋអាមេរិក JBS បានបង់ប្រាក់លោះចំនួន 11 លានដុល្លារអាមេរិកជា Bitcoins ដើម្បីអាចចូលទៅកាន់ប្រព័ន្ធ systems របស់ខ្លួនឡើងវិញក្រោយការវាយប្រហារមេរោគ ransomware កាលពីខែមុននេះ។
លោក Andre Nogueira នាយកប្រតិបត្តិរបស់ក្រុមហ៊ុន JBS និយាយថា “នៅក្នុងការប្រឹក្សាជាមួយនឹងអ្នកជំនាញ IT និងអ្នកជំនាញផ្នែកសុវត្ថិភាពជាច្រើននោះ ក្រុមហ៊ុនបានសម្រេចចិត្តក្នុងការបង់ប្រាក់លោះដើម្បីធានាថាទិន្នន័យរបស់ក្រុមហ៊ុន និងអតិថិជនមិនមានការបែកធ្លាយ!”។
យ៉ាងណាមិញ នៅក្នុងការកោសល្យវិច្ច័យរបស់អ្នកជំនាញសុវត្ថិភាពបានរកឃើញថា មិនមានទិន្នន័យរបស់ក្រុមហ៊ុន បុគ្គលិក និងអតិថិជនដែលត្រូវបានគ្រប់គ្រងនៅក្នុងការវាយប្រហារនេះទេ ជាពិសេសស្ថាប័ន FBI បានជម្រុញកុំអោយជនរងគ្រោះបង់ប្រាក់លោះអោយសោះនៅក្នុងការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន JBS គឺជាក្រុមហ៊ុនផ្គត់ផ្គង់សាច់ធំបំផុតរបស់ពិភពលោកកាលពីថ្ងៃទី 30 ខែឧសភានេះបានរងការវាយប្រហារមេរោគ ransomware ដែលធ្វើអោយប្រតិបត្តិការជាច្រើនរបស់ខ្លួននៅក្នុងប្រទេសអូស្រ្តាលី កាណាដា និងសហរដ្ឋអាមេរិកត្រូវផ្អាកសិន។
មេរោគ REvil ដែលដំណើរការជា ransomware-as-a-service បានធ្វើការវាយប្រហារទៅលើវិស័យឯកជន និងរដ្ឋប្រហែលជា 4.6% នៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំ 2021 នេះ។ ការវាយប្រហារទៅលើក្រុមហ៊ុន JBS នេះគឺចំពេលដែលមានក្រុមហ៊ុនជាច្រើនត្រូវបានរងគ្រោះដោយមេរោគ ransomware និងទាមទារនូវប្រាក់លោះរាប់លានដុល្លារអាមេរិកជាថ្នូរការអោយ Key ដើម្បីធ្វើការ unlock ទៅលើ system ។ កាលពីខែមុននេះ ក្រុមហ៊ុន Colonial Pipeline ក៏បង់ប្រាក់ប្រមាណជា 75 bitcoins ($4.4 លានដុល្លារអាមេរិកកាលពីថ្ងៃទី 8 ខែឧសភា) ដើម្បីធ្វើការ Restore system របស់ខ្លួនវិញផងដែរ៕