កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) និយាយថា ខ្លួនបានបិទចោលនូវហេដ្ឋារចនាសម្ព័ន្ធរបស់ផ្សារក្រោមដីដ៏ធំមួយនោះគឺ “Slilpp” ដែលជាកន្លែងជួញដូរនូវទិន្នន័យ Login ដែលពួកហេគឃ័របានលួចបាន ហើយការបិទចោលនេះគឺជាផ្នែកមួយនៃប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ។
នៅក្នុងប្រតិបត្តិការនេះ មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ និងចាប់ខ្លួននៅក្នុងផ្សារល្មើសច្បាប់នេះ។ ការបិទចោលនូវផ្សារជួញដូរដ៏ធំនេះគឺមានការចួលរួមពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ និងរ៉ូម៉ានី។ នៅក្នុងការចាប់ផ្តើមនូវប្រតិបត្តិការចាប់តាំងពីឆ្នាំ 2012 នេះ Slilpp គឺជាផ្សារជួញដូរលក់នូវគណនី Login អនឡាញរបស់ក្រុមហ៊ុនជាង 1400 នៅជុំវិញពិភពលោកដែលនៅទីនេះវាមានការលក់ដូរនូវ usernames, passwords ច្រើនជាង 80 លានគណនីដែលជាប្រភេទគណនីធនាគារ គណនីទូទាត់ប្រាក់អនឡាញ គណនីលេខទូរស័ព្ទ គណនីហាងទំនិញ និងគណនីអនឡាញជាច្រើនទៀតផងដែរ។
ផ្អែកទៅលើទិន្នន័យរបាយការណ៍របស់ជនរងគ្រោះជាច្រើននោះ DoJ បាននិយាយថា ទិន្នន័យ login ដែលលក់នៅលើ Slilpp នេះគឺមានទឹកប្រាក់ច្រើនជាង 200 លានដុល្លារអាមេរិកនៅក្នុងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ក្រុមអនុវត្តច្បាប់នេះក៏កំពុងតែប្រយុទ្ធប្រឆាំងទៅនឹងក្រុមឧក្រិដ្ឋកម្មអ៊ីនធឺរណិតជាច្រើនដែលប្រើប្រាស់មេរោគ TrickBot, Emotet និង ANoM ។ Slilpp គឺជាផ្សារក្រោមដីទី 3 ដែល DoJ បានបិទបន្ទាប់ពី xDedic (ខែមករា ឆ្នាំ 2019) និង DEER.IO (ខែមករា ឆ្នាំ 2021) ដែលជាកន្លែងលក់នូវគណនី login នេះ៕