សម្រាប់មេរោគ Windows malware មួយកាលពីពេលមុននេះបានធ្វើការវាយប្រហារទៅលើកុំព្យូទ័រជាង 222,000 គ្រឿងនៅជុំវិញពិភពលោកយ៉ាងហោចណាស់ចាប់ពីខែមិថុនា ឆ្នាំ 2018 ហើយវាលួចបានរូបិយបណ្ណ Monero ជាង 9000 ដែលមានតម្លៃប្រហែលជា 2 លានដុល្លារអាមេរិក។ មេរោគនេះមានឈ្មោះហៅថា “Crackonosh” ដែលជាប្រភេទ malware ចេញពីប្រភេទ Cracked Software ហើយនៅពេលដែលវាឆ្លងនៅលើម៉ាស៊ីននោះវាបានតម្លើងនូវកញ្ចប់ coin miner package មួយដែលមានឈ្មោះហៅថា XMRig ។
មេរោគ malware នេះមានជាង 30 versions ផ្សេងគ្នាដែលបានរកឃើញនៅចន្លោះថ្ងៃទី 1 ខែមករា ឆ្នាំ 2018 ដល់ថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2020 នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Avast ។ ជនរងគ្រោះមួយចំនួនធំស្ថិតនៅក្នុងសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា ប៉ូឡូញ និងហ្វីលីពីន។មេរោគ Crackonosh បានធ្វើការជំនួសនូវ Windows system files ដូចជា serviceinstaller.msi និង maintenance.vbs និងបិទទៅលើមុខងារការពារសុវត្ថិភាព ការលុបចោលនូវកម្មវិធី Windows Defender និងការបិទទៅលើការអាប់ដេតស្វ័យប្រវត្តិនៅលើ Windows ថែមទៀត។
ក្រុមដែលចែកចាយមេរោគនេះត្រូវគេសង្ស័យថាចេញពីប្រទេសចិននោះដែលកាលពីពេលមុននេះចែកចាយមេរោគ DirtyMoe និង Purple Fox malware ដែលហេគទៅលើម៉ាស៊ីន Windows ជាង 100,000 គ្រឿងនៅក្នុងឆ្នាំ 2017 នោះ។ លោក Daniel Beneš អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Avast និយាយថា “មេរោគ Crackonosh គឺបង្ហាញអំពីភាពគ្រោះថ្នាក់នៃការដោនឡូតទៅលើកម្មវិធី Cracked Software។ ខណៈពេលដែលអ្នកប្រើប្រាស់នៅតែបន្តការប្រើប្រាស់ទៅលើ Cracked software នោះ ពួកគេនឹងនៅតែបន្តក្លាយជាជនរងគ្រោះរបស់អ្នកវាយប្រហារ៕”