ក្រុមហ៊ុន Facebook បិទគណនីជាង 200 ដែលប្រើប្រាស់ដោយហេគឃ័រអ៊ីរ៉ង់ដែលមានគោលដៅទៅលើបុគ្គលិកយោធាសហរដ្ឋអាមេរិក

0

ក្រុមហ៊ុនបច្ចេកវិទ្យា Facebook ថ្មីៗនេះទើបតែធ្វើការបិទគណនីជាច្រើនរបស់ក្រុមហេគឃ័ររបស់ប្រទេសអ៊ីរ៉ង់ដែលមានគោលដៅក្នុងការវាយប្រហារទៅលើបុគ្គលិកយោធា និងក្រុមហ៊ុនជាច្រើនទៀតដែលស្ថិតនៅក្នុងវិស័យការពារជាតិ និងអវកាសនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ឺរ៉ុបតាមរយៈការប្រើប្រាស់នូវគណនីក្លែងក្លាយនៅលើកម្មវិធី Facebook ។

ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះបញ្ជាក់ថា ការវាយប្រហារនេះគឺជាស្នាដៃរបស់ក្រុម Tortoiseshell ( ឬ Imperial Kitten) ដែលប្រើប្រាស់នូវវិធីសាស្រ្តនេះស្រដៀងទៅនឹងអ្វីដែលខ្លួនបានប្រើប្រាស់ដើម្បីវាយប្រហារទៅលើឧស្សាហកម្មព័ត៌មានបច្ចេកវិទ្យានៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។ លោក Mike Dvilyanski ប្រធានផ្នែកស៊ើបអង្កេតការវាយប្រហារនៅលើអ៊ីនធឺរណិតរបស់ក្រុមហ៊ុន Facebook និយាយថា “ក្រុមនេះបានប្រើប្រាស់នូវវិធីសាស្រ្តផ្សេងៗគ្នាដើម្បីចែកចាយមេរោគទៅលើគោលដៅរបស់ខ្លួន។”

តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ការវាយប្រហារនេះគឹជាផ្នែកមួយនៃយុទ្ធនាការដ៏ធំបំផុតនៅក្នុងការវាយប្រហារនៅលើ Facebook តាមរយៈការចែកចាយ Links មេរោគ។ ក្រុម Tortoiseshell នេះបានប្រើប្រាស់នូវគណនីក្លែងក្លាយជាច្រើនដើម្បីទាក់ទងជាមួយនឹងបុគ្គលិកជាច្រើននៅក្នុងវិស័យការពារជាតិ និងក្រុមហ៊ុនអវកាសជាច្រើនរួមជាមួយនឹងបុគ្គលិកជាច្រើនទៀតដែលធ្វើការនៅក្នុងផ្នែកបដិសណ្ឋារកិច្ច វេជ្ជសាស្រ្ត សារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និងឧស្សាហកម្មអាកាសចរណ៍ផងដែរ។ នៅក្នុងការប្រឆាំងទៅនឹងយុទ្ធនាការនេះ ក្រុមហ៊ុន Facebook បានលុបចោលគណនីប្រមាណជា 200 របស់ក្រុមហេគនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here