ក្រុមហ៊ុន Alibaba Group Holding Ltd របស់ប្រទេសចិនចាប់ផ្តើមផ្តល់សេវាកម្មទូទាត់ប្រាក់ពី WeChat របស់ក្រុមហ៊ុន Tencent Holdings Ltd លើកម្មវិធីមួយចំនួនរបស់ខ្លួនបន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗឈប់រារាំងសេវាកម្ម និងបណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមកនោះ។
ប្លុកបច្ចេកវិទ្យាក្នុងស្រុក 36Kr រាយការណ៍នៅថ្ងៃអង្គារនេះថា អ្នកប្រើប្រាស់កម្មវិធីដឹកជញ្ជូនម្ហូបអាហារ Ele.me កម្មវិធីទិញទំនិញប្រណិត Kaola និងកម្មវិធីសៀវភៅអេឡិចត្រូនិច Shuqi របស់ Alibaba ឥឡូវនេះអាចទិញទំនិញតាមរយៈ WeChat Pay ដែលជាជម្រើសទូទាត់តាមអ៊ីនធឺណិតដ៏ពេញនិយមបំផុតរបស់ចិន។
កម្មវិធី Xianyu សម្រាប់លក់ទំនិញមួយទឹក និងកម្មវិធីផ្សារទំនើប Freshippo របស់ Alibaba ក៏បានដាក់ពាក្យសុំប្រើប្រាស់ WeChat Pay ផងដែរ។ កាលពីពេលមុននេះអ្នកប្រើប្រាស់អាចទូទាត់ប្រាក់លើកម្មវិធីទាំងនោះបានតាមរយៈ Alipay ប៉ុណ្ណោះ។
កាលពីដើមខែនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននិយាយថា ខ្លួនបានស្នើឱ្យក្រុមហ៊ុនជាច្រើនបញ្ឈប់ការបិទបណ្តាញទំនាក់ទំនង និងសេវាកម្មគ្នាទៅវិញទៅមកនៅលើគេហទំព័ររបស់ពួកគេ។ ការអនុវត្តបែបនេះបានរារាំងអ្នកប្រើប្រាស់កម្មវិធីមិនឱ្យចូលដំណើរការសេវាកម្មរវាងក្រុមហ៊ុនគូប្រជែងបាននោះទេ។ ប៉ុន្មានថ្ងៃក្រោយមក កម្មវិធីផ្ញើសារ WeChat របស់ Tencent ក៏ចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើបណ្តាញភ្ជាប់ទៅវេទិការបស់ក្រុមហ៊ុនប្រកួតប្រជែងផងដែរ។ កាលពីមុន វាមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ (Links) ដែលបានផ្ញើតាមរយៈ Chat នោះទេ៕