ថ្មីៗនេះ មនុស្សចំនួន 7 នាក់ត្រូវបានជាប់សង្ស័យថាបានប្រើប្រាស់នូវមេរោគ ransomware ធ្វើជាសេវាកម្ម ហើយនៅក្នុងចំនោមមនុស្សទាំងនេះ មនុស្ស 5 នាក់ជាប់ពាក់ព័ន្ធទៅនឹងក្រុម REvil ។ ប៉ូលិស Europol បញ្ជាក់ថា ជនសង្ស័យទាំងនេះគឺវាយប្រហារមេរោគ ransomware ច្រើនជាង 5,000 និងបានចាប់ជំរិតទារប្រាក់បានដល់ទៅ $600,000 ពីជនរងគ្រោះ។
ការចាប់ខ្លួនជនសង្ស័យទាំងនេះគឺជាប្រតិបត្តិការរួមគ្នាដែលមានឈ្មោះហៅថា GoldDust ដែលឈានដល់ការចាប់ខ្លួនសមាជិក ៣ នាក់របស់ក្រុម REvil ហើយក្រុមនេះក៏មានទំនាក់ទំនងជាមួយនឹងការចែកចាយមេរោគ GandCrab នៅក្នុងប្រទេសគុយវែត និងប្រទេសកូរ៉េខាងត្បូងផងដែរ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) ក៏បានចោទប្រកាន់ទៅលើជនសង្ស័យ Yaroslav Vasinskyi វ័យ 22 ឆ្នាំជនជាតិអ៊ុយក្រែនដែលធ្វើការវាយប្រហារមេរោគ ransomware ទៅលើជនរងគ្រោះជាច្រើន។ DOJ និយាយថា ខ្លួនបានរឹបអូសនូវទឹកប្រាក់លោះច្រើនជាង6.1 លានដុល្លារអាមេរិក ហើយទឹកប្រាក់ទាំងនេះគឺចេញពីជនសង្ស័យឈ្មោះ Yevgeniy Polyanin វ័យ 28 ឆ្នាំជនជាតិរុស្សីដែលធ្វើការវាយប្រហារជាច្រើនលើកនៅក្នុងរដ្ឋតិចសាស់៕