ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរកឃើញនូវក្រុមហេគឃ័រថ្មីមួយដែលមានឈ្មោះហៅថា “Void Balaur” ដែលមានសកម្មភាពក្នុងការលួចទិន្នន័យទៅលើជនរងគ្រោះជាច្រើនដែលក្នុងនោះមានសកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ 2015 ។
នៅក្នុងឆ្នាំ 2017 ក្រុមហេគឃ័រនេះក៏បានលក់នូវព័ត៌មានសំខាន់ៗដូចជា Cell Tower Phone Logs, ព័ត៌មាននៃការហោះហើររបស់អ្នកដំណើរ ព័ត៌មានកាតឥណទាន ទិន្នន័យធនាគារ សារ SMS និងព័ត៌មានកាត Passport ។ ក្រុមហេគឃ័រនេះប្រើប្រាស់នូវឈ្មោះហៅថា “Rockethack” ។បន្ថែមពីនេះទៀតនោះ ក្រុមហេគឃ័ឬនេះក៏ចែកចាយមេរោគ Android spywareដូចជា Z*Stealer និង DroidWatcher ផងដែរ។
Trend Micro និយាយថា ការវាយប្រហាររបស់ក្រុម Void Balaur នេះគឺទៅលើបុគ្គល និងអង្គភាពជាច្រើនដែលក្នុងនោះមានអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយ អ្នកវិទ្យាសាស្រ្ត វេជ្ជបណ្ឌិតដែលធ្វើការនៅក្នុងគ្លីនិក IVF ក្រុមហ៊ុនជីវសាស្រ្តបច្ចេកវិទ្យា និងក្រុមហ៊ុនវិស្វកម្មជាច្រើនទៀត។
ការវាយប្រហាររបស់ក្រុមហេគឃ័រនេះគឺស្ថិតនៅក្នុងប្រទេសរុស្សី និងប្រទេសជាច្រើនទៀតដូចជាអ៊ុយក្រែន ស្លូវ៉ាគី និងកាហ្សាក់ស្ថានផងដែរ។ ជនរងគ្រោះមួយចំនួនទៀតក៏មាននៅក្នុងសហរដ្ឋអាមេរិក អ៊ីស្រាអែល ជប៉ុន ឥណ្ឌា និងអ៊ឺរ៉ុប៕