ការគំរាមក្នុងការទម្លាយទិន្នន័យជាសាធារណៈបានក្លាយជាហេតុផលដ៏សំខាន់សម្រាប់ក្រុមហេគឃ័រក្នុងការទាមទារប្រាក់លោះនៅពេលដែលមានការវាយប្រហារមេរោគ ransomware ។ នៅពេលដែលជនរងគ្រោះមានការភ័យព្រួយពីការបែកធ្លាយទិន្នន័យទាំងនេះ វាពិតជាមានឱកាសខ្ពស់មែនទែនដែលហេគឃ័រទាំងនោះអាចធ្វើទទួលបានប្រាក់លោះពីការវាយប្រហារមេរោគនេះ។
ពេលនេះ ក្រុមហេគឃ័រដែលចែកចាយមេរោគ ransomware ចាប់ផ្តើមប្រើប្រាស់នូវ channels ជាច្រើននៅលើបណ្តាញសង្គមដើម្បីចែកចាយព័ត៌មានអំពីការវាយប្រហាររបស់ពួកគេ ហើយនេះប្រៀបបីដូចជាការដាក់សម្ពាធទៅលើជនរងគ្រោះដើម្បីអោយបង់ប្រាក់លោះអោយបានលឿនផងដែរ។
ការជំរិតទារប្រាក់លោះទ្វេរដងបានក្លាយជាទម្រង់ស្តង់ដារមួយនៃប្រតិបត្តិការរបស់ក្រុមចែកចាយមេរោគ ransomware ទាំងនេះ។ បន្ទាប់ពីទទួលបាននូវទិន្នន័យពីជនរងគ្រោះដែលជាគោលដៅរួចហើយនោះ ក្រុមហេគឃ័រទាំងនេះចាប់ផ្តើមគំរាមថានឹងទម្លាយទិន្នន័យដែលបានលួចនេះជាសាធារណៈប្រសិនបើពួកគេមិនបង់ប្រាក់លោះ។ ប្រសិនបើជនរងគ្រោះមិនបង់ប្រាក់លោះទេ ទិន្នន័យដែលលួចបាននោះភាគច្រើនបង្ហោះនៅលើ platform របស់ក្រុមហេគឃ័រ ជាពិសេសនៅលើវេបសាយ Tor ដែលនៅទីនេះភាគច្រើនក្រុមអ្នកស្រាវជ្រាវ និងឧក្រិដ្ឋជនអ៊ីនធឺណិតចូលមើលច្រើនជាងគេ។ គួរបញ្ជាក់ផងដែរថា ភាគច្រើនក្រុមហេគឃ័រប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Twitter និង Tumblr ដើម្បីចែកចាយព័ត៌មាននៃការវាយប្រហាររបស់ពួកគេ។ ដូចនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតទៅលើទិន្នន័យរបស់អ្នក៕