Netrix បានប្រកាសអំពីការទិញយកក្រុមហ៊ុន BTB Security ដែលនេះគឺជាក្រុមហ៊ុនសុវត្ថិភាពអ៊ីនធឺណិត (cybersecurity) និងដំណោះស្រាយទៅលើការធ្វើកោសល្យវិច្ច័យឌីជីថល (digital forensics solutions) ។ ការទិញយកក្រុមហ៊ុននេះគឺជាយុទ្ធសាស្រ្តក្នុងការការពារទៅលើសុវត្ថិភាពទិន្នន័យរបស់ក្រុមហ៊ុន Netrix និងការផ្តល់នូវសេវាកម្មប្រឹក្សាផ្នែកសុវត្ថិភាពអ៊ីនធឺណិតទៅកាន់ក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមផងដែរ។ សម្រាប់តម្លៃនៃការទិញយកនេះមិនត្រូវបានទម្លាយអោយដឹងនោះទេ។
លោក Russell P. Reeder នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Netrix និយាយថា “នៅក្នុងពេលដែលមានការគំរាមកំហែងទៅលើសុវត្ថិភាពនៅលើអ៊ីនធឺណិត អាជីវកម្ម និងស្ថាប័នជាច្រើនទៀតក៏ស្វែងរកនូវអ្នកជំនាញសុវត្ថិភាពជាច្រើនដើម្បីផ្តល់នូវការអនុវត្តន៍ល្អបំផុតទៅលើប្រព័ន្ធសុវត្ថិភាព តម្រូវការទៅលើបទបញ្ញត្តិ និងការប្រើប្រាស់នូវ Tools ភាគីទី 3 ផងដែរ។អស់រយៈពេលជាង 15 ឆ្នាំ ក្រុមហ៊ុន BTB Security បានអនុវត្តន៍ល្អបំផុតទៅលើប្រព័ន្ធសុវត្ថិភាព និងការដោះស្រាយទៅលើបញ្ហារបស់អតិថិជនជាច្រើនផងដែរ។ យើងរីករាយណាស់ដែលក្រុមហ៊ុន BTB Security បានក្លាយជាគ្រួសាររបស់ក្រុមហ៊ុន Netrix។”
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BTB Security ផ្តល់នូវសេវាកម្មជាច្រើនពាក់ព័ន្ធទៅនឹងសុវត្ថិភាពព័ត៌មាន និងការធ្វើកោសល្យវិច្ច័យឌីជីថលដែលមានគោលដៅទៅលើអតិថិជនធុនតូច និងមធ្យម។ ការផ្តល់ជូនរបស់ក្រុមហ៊ុន BTB Security នេះគឺគ្រប់ដណ្តប់ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃសុវត្ថិភាពព័ត៌មាន និងការធ្វើកោសល្យវិច្ច័យកុំព្យូទ័រចេញពីការរកឃើញ និងសេវាកម្មឆ្លើយតបដើម្បីផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតនៅក្នុងការស៊ើបអង្កេតនៃការធ្វើកោសល្យវិច្ច័យឌីជីថលនេះ៕