ក្រុមឧក្រិដ្ឋជនសាយប័រជាច្រើនកំពុងតែមានការព្រួយបារម្ភអំពីការតាមដានដោយទីភ្នាក់ងារអនុវត្តច្បាប់ជាច្រើនដែលបានចាប់ខ្លួនសមាជិកជាច្រើនរបស់ក្រុមចែកចាយមេរោគ ransomware ។ នៅថ្ងៃទី 14 ខែមករានេះ Federal Security Service (FSB) របស់ប្រទេសរុស្សីប្រកាសថាខ្លួនបានចាប់ខ្លួនឧក្រិដ្ឋជនចែកចាយមេរោគ REvil ransomware ។ មុននេះផងដែរ Europol ក៏បានចាប់ខ្លួនឧក្រិដ្ឋជនចែកចាយមេរោគ REvil នៅក្បែរព្រំដែនប្រទេសប៉ូឡូញ និងអ៊ុយក្រែនផងដែរ។
តាមការបញ្ជាក់របស់អ្នកវិភាគនៅលើវេទិកា Dark Web ជាច្រើនរបស់ក្រុមហ៊ុន Trustwave SpiderLabs និយាយថា ពេលនេះ ក្រុមឧក្រិដ្ឋជនកំពុងតែមានការព្រួយបារម្ភ។ Ransomware គឺជាបញ្ហាដ៏ធំបំផុតនៅលើសន្តិសុខអ៊ីនធឺណិតដែលប្រឈមដោយស្ថាប័នជាច្រើននៅជុំវិញពិភពលោក។
ក្រុមឧក្រិដ្ឋជនជាច្រើនទាមទារអោយជនរងគ្រោះបង់ប្រាក់លោះដើម្បីយកនូវ Decrypt Key ។ ក្រុមអ្នកជំនាញសុវត្ថិភាពអ៊ីនធឺណិតនិយាយថា ប្រតិបត្តិករជាច្រើនដែលចែកចាយមេរោគ ransomware នៅក្រៅប្រទេសរុស្សីក៏មានការព្រួយបារម្ភបំផុត។ លោក Ziv Mador អនុប្រធានផ្នែកស្រាវជ្រាវសុវត្ថិភាពរបស់ក្រុមហ៊ុន Trustwave SpiderLabs និយាយថា “ក្រុមឧក្រិដ្ឋជនសាយប័រនឹងមានហានិភ័យខ្លាំងជាងមុននៅក្រៅប្រទេសរុស្សីដោយសារតែក្រុមទីភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ។”