ការវាយប្រហារមេរោគ Ransomware ទៅលើក្រុមហ៊ុនអាកាសចរណ៍ Swissport បណ្តាលអោយមានការពន្យារពេលទៅលើការហោះហើរជាច្រើន

0

Swissport International Ltd. គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់នូវអាកាសយានដ្ឋាន កន្លែងទទួលភ្ញៀវ និងសេវាកម្មដឹកទំនិញដែលមានក្រុមអ្នកវិនិយោគិនអន្តរជាតិជាច្រើនជាម្ចាស់។ ក្រុមហ៊ុននេះទទួលភ្ញៀវរហូតដល់ទៅ 282 លាននាក់ និងដឹកទំនិញដល់ទៅ 4.8 លានតោនក្នុងមួយឆ្នាំ ហើយក្រុមហ៊ុននេះក៏មានអតិថិជនរបស់ក្រុមហ៊ុនផ្សេងជាង 850 ក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុន Swissport នេះមានកម្លាំងពលកម្មដល់ទៅ 66,000 នាក់ និងមានទីតាំងចំនួន 307 នៅក្នុងប្រទេសចំនួន 50 ។

ក្រុមហ៊ុន Swissport International រងនូវការវាយប្រហារមេរោគ ransomware ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រតិបត្តិការរបស់ខ្លួនដែលបណ្តាលអោយជើងហោះហើរជាច្រើនត្រូវបានពន្យារពេល។ តាមការបញ្ជាក់នៅលើវេបសាយ Spiegel របស់អាល្លឺម៉ង់ ការវាយប្រហារមេរោគ ransomware ប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធ IT ជាលក្ខណៈសកលរបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុននេះបញ្ជាក់នៅលើ Twitter ថា ការវាយប្រហារនេះបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់ខ្លួន ហើយក្រុមហ៊ុនក៏ធ្វើការដោះស្រាយទៅលើបញ្ហានេះអោយបានលឿនបំផុតផងដែរ។ វេបសាយ Swissport ក៏មិនអាចចូលបានផងដែរនៅថ្ងៃសុក្រពេលរសៀលនេះ។ នៅក្នុងពេលនេះ ក្រុមហ៊ុននៅមិនទាន់បង្ហាញនូវព័ត៌មានលម្អិតអំពីការវាយប្រហារនេះបានទេ។ យើងនៅមិនទាន់ដឹងអំពីទំហំនៃការខូចខាតនៃការវាយប្រហារនេះនៅលើប្រព័ន្ធ ឬការបែកធ្លាយទិន្នន័យនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here