ក្រុមឧក្រិដ្ឋជនសាយប័រកំពុងតែប្រើប្រាស់នូវកម្មវិធី Microsoft Teams តាមរយៈការផ្ញើរនូវ attachment file នៅក្នុងប្រអប់សារទៅកាន់អ្នកប្រើប្រាស់ជាច្រើនដែលស្ថិតនៅក្នុងការប្រជុំនេះ។ នៅក្នុងពេលបច្ចុប្បន្ននេះ កម្មវិធី Microsoft Teams មានអ្នកប្រើប្រាស់ប្រចាំខែប្រហែលជា 270 លាននាក់ ហើយពួកគេក៏អាចក្លាយជាគោលដៅនៃការវាយប្រហាររបស់ហេគឃ័រផងដែរ។
ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Avanan រកឃើញនូវការវាយប្រហារជាច្រើនពាន់ករណីទៅលើគណនីជាច្រើនរបស់កម្មវិធី Microsoft Teams ចាប់តាំងពីខែមករាមក។ ក្រុមហេគឃ័រអាចចូលទៅកាន់គណនីរបស់អ្នកប្រើប្រាស់ Teams បានតាមរយៈការ phishing attacks ឬ emails ។ ហេគឃ័របានផ្ញើនូវ file ‘User Centric.exe’ ទៅក្នុងឆាតដើម្បីអោយអ្នកប្រើប្រាស់ចុចបើកវា។ នៅពេលដែលចុចបើកទៅលើ file នេះ វាក៏តម្លើងនូវ DLL files និងបង្កើតនូវ shortcut links នៅក្នុងម៉ាស៊ីនរបស់ជនរងគ្រោះ។
នៅក្នុងសេណារីយ៉ូថ្មីនេះ ហេគឃ័រអាចវាយប្រហារតាមរយៈការកំណត់គោលដៅទៅលើស្ថាប័នដែលជាដៃគូ និងស្តាប់នូវការសន្ទនាជាច្រើនរបស់អ្នកចូលរួម។ ពួកគេអាចធ្វើការគ្រប់គ្រងទៅលើអ៊ីម៉ែលដើម្បីចូលទៅក្នុងកម្មវិធី Teams បាន។ អ្នកវាយប្រហារអាចនឹងប្រើប្រាស់នូវគណនី Office 365 ដែលលួចបានពីមុនមកប្រើប្រាស់ផងដែរ។ ការប្រើប្រាស់នូវ Microsoft Teams អាចមានការព្រួយបារម្ភផងដែរប្រសិនបើអ្នកប្រើប្រាស់មួយចំនួនមិនមានចំណេះដឹងអំពីរឿងនេះ។ ក្រុមអ្នកជំនាញប្រាប់អោយអ្នកប្រើប្រាស់ធ្វើការប្រុងប្រយ័ត្ននៅក្នុងពេលដោនឡូត files ណាមួយនៅក្នុងប្រអប់សារឆាត៕