នៅថ្ងៃសៅរ៍ ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Twitter បាននិយាយថា ពួកគេបានធ្វើការរារាំងប្រព័ន្ធផ្សព្វផ្សាយដែលភ្ជាប់ជាមួយនឹងការបង្ហាញពាណិជ្ជកម្ម ឬការអនុញ្ញាតឱ្យអាចរកប្រាក់ចំណូលបានចេញពីប្រទេសរុស្ស៊ី ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Nathaniel Gleicher ដែលជាប្រធានផ្នែកប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Meta បាននិយាយថា÷ ”ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ មិនឱ្យមានដំណើរការការផ្សាយពាណិជ្ជកម្ម ឬអាចរកប្រាក់ចំណូលនៅលើវេទិការបស់យើងនៅទូទាំងពិភពលោក”។
ចំណែកឯ ក្រុមហ៊ុន Twitter ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុន Twitter បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការផ្សាយពាណិជ្ជកម្មលើវេទិការបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ដើម្បីធានាឲ្យបាននូវព័ត៌មានសុវត្ថិភាពជាសាធារណៈ និងបញ្ជៀសមិនឱ្យមានការរំខានពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។
មុននេះបន្តិច ក្រុមហ៊ុន Google ក៏បានប្រកាសស្តីពីការបិទប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស៊ីរី ពីការរកប្រាក់ចំណូលលើការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី គេហទំព័រ និងកម្មវិធី YouTube របស់ខ្លួនផងដែរ ដោយលើកឡើងអំពីស្ថានការណ៍មិនធម្មតានៅក្នុងប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google លោក Michael Aciman បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសាថា÷ ”យើងកំពុងតែធ្វើការតាមដានយ៉ាងសកម្មនូវការអភិវឌ្ឍន៍ស្ថានភាពថ្មីៗ ហើយយើងនឹងចាត់វិធានការបន្ថែមទៀត បើសិនជាចាំបាច់”។ អ្នកនាំពាក្យចង់សំដៅជាពិសេសដល់
គេហទំព័រ RT ដែលជាគេហទំព័រដំណើរការដោយប្រទេសរុស្ស៊ី។
រីឯ ក្រុមហ៊ុន YouTube វិញក៏បានប្រកាសថា ក្រុមហ៊ុនបានធ្វើការរឹតបន្តឹងលើការចូលប្រើគេហទំព័រ RT និងបណ្តាញមួយចំនួនផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន ហើយថែមទាំងបានកាត់បន្ថយចំនួននាំការណែនាំទៅកាន់បណ្តាញទាំងនេះផងដែរ។
សកម្មភាពរបស់ក្រុមហ៊ុនបណ្តាញសង្គមទាំងនេះបានកើតឡើង គឺជាការឆ្លើយតបចំពោះ ប្រតិបត្តិការយោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនដែលបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។ មន្ត្រីទីក្រុងមូស្កូបានិយាយថា ពួកគេបានការពារប្រជាជននៅក្នុងតំបន់ Donetsk និង Lugansk ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។ លោកប្រធានធិបតីរុស្ស៊ីលោក Vladimir Putin មានប្រសាសន៍ថា លោកចង់បំផ្លាញទ័ព និងសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ដោយមិនបានបញ្ជាក់លម្អិត។ ចំពោះទីក្រុងគៀវវិញបានលើកឡើងថា ការវាយប្រហារនោះធ្វើឡើងដោយមិនមានការបង្កហេតុ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយប្រទេសរបស់ខ្លួន។ ក្រោយមកទៀត សហរដ្ឋអាមេរិក អង់គ្លេស រដ្ឋជាសមាជិកសហភាពអឺរ៉ុប និងបណ្តាប្រទេស មួយចំនួនផ្សេងទៀត បានសម្រុកដាក់ទណ្ឌកម្មយ៉ាងច្របូកច្របល់លើប្រទេសរុស្ស៊ី ដោយធ្វើ ការបិទវិស័យធនាគារ និងពាណិជ្ជកម្មរបស់រុស្ស៊ី ក្នុងចំណោមការដាក់ទណ្ឌកម្មដាក់ទណ្ឌកម្មផ្សេងៗទៀត។ លើសពីនេះ ប្រទេសអឺរ៉ុបមួយចំនួនថែមទាំងបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើររុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព÷ RT