ក្រុមហ៊ុន Denso បញ្ជាក់អំពីការវាយប្រហារសាយប័រដែលប៉ះពាល់ដល់ប្រតិបត្តិការជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុននេះគឺជាអ្នកផ្គត់ផ្គង់របស់ពិភពលោកទៅលើគ្រឿងបរិក្ខាររថយន្ត រួមជាមួយនឹងមុខងារ ការតភ្ជាប់ និងសេវាកម្មសម្រាប់រថយន្តស្វ័យប្រវត្តិជាដើម។ ក្រុមហ៊ុន Denso និយាយថា បច្ចេកវិទ្យាជាច្រើនរបស់ខ្លួនត្រូវបានប្រើប្រាស់នៅស្ទើរតែគ្រប់រថយន្តទាំងអស់នៅជុំវិញពិភពលោក។
អតិថិជនជាច្រើនរបស់ក្រុមហ៊ុននេះមាន Toyota, Honda, General Motors និង Ford ។ ប្រាក់ចំណូលរួមនៅក្នុងឆ្នាំសារពើពន្ធ 2020-2021 គឺមានចំនួន 44.6 ប៊ីលានដុល្លារអាមេរិក។ នៅថ្ងៃទី 14 ខែមីនានេះ ក្រុមហ៊ុន Denso និយាយថា កាលពីប៉ុន្មានថ្ងៃមុននេះវាមានការចូលទៅកាន់បណ្តាញ network របស់ក្រុមហ៊ុននេះដោយគ្មានការអនុញ្ញាត។ នៅពេលដែលរកឃើញនូវការបំពាននេះ ក្រុមហ៊ុននេះក៏កាត់ផ្តាច់នូវការតភ្ជាប់ទំនាក់ទំនងផងដែរ។
ខណៈពេលដែលឧប្បត្តិហេតុនេះស្ថិតនៅក្នុងការស៊ើបអង្កេតនោះ ក្រុមហ៊ុន Denso និយាយថា វាមិនមានការប៉ះពាល់ទៅលើគ្រឿងបរិក្ខារ និងការរំខានណាមួយដែលកើតឡើងនៅក្នុងរោងចក្រផលិត ឬកាលវិភាគនៃផលិតកម្មទេ។ អាជ្ញាធរមូលដ្ឋានបានទទួលដំណឹងថា ក្រុមហ៊ុននេះក៏ប្រើប្រាស់អ្នកជំនាញអ៊ីនធឺណិតជាច្រើនដើម្បីជួយផងដែរ។
ក្រុមហ៊ុន Denso និយាយថា “ក្រុមហ៊ុន Denso សូមសម្តែងនូវការសោកស្តាយ និងសុំទោសអស់ពីចិត្តទៅលើការព្រួយបារម្ភណាមួយដែលពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុនេះ។ ក្រុមហ៊ុន Denso Group នឹងពង្រឹងទៅលើវិធានការណ៍សុវត្ថិភាពអោយកាន់តែរឹងមាំជាងនេះទៀត។” ក្រុមហេគឃ័រ Pandora ransomware អះអាងទទួលខុសត្រូវទៅលើរឿងនេះ៕