BBC និយាយថា ប៉ូលិសទីក្រុងឡុងដ៍បានចាប់ខ្លួនក្មេងជំទង់ 7 នាក់ពាក់ព័ន្ធនឹងក្រុមជំរិតប្រាក់ Lapsus$ ។ ប៉ូលិសទីក្រុងឡុងដ៍និយាយថា “មនុស្ស 7នាក់ដែលមានអាយុចន្លោះពី 16 ទៅ 21 ឆ្នាំត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការស៊ើបអង្កេតលើក្រុមហេគនេះ។ ពួកគេទាំងអស់ត្រូវបានដោះលែង ប៉ុន្តែនៅស្ថិតក្រោមការស៊ើបអង្កេត។ ការស៊ើបអង្កេតរបស់យើងនៅតែបន្ត” ។
ក្មេងជំទង់អាយុ 16 ឆ្នាំមកពី Oxford ដែលរស់នៅជាមួយម្តាយរបស់គាត់ត្រូវបានចោទប្រកាន់ថាជាមេដឹកនាំម្នាក់នៃក្រុម Lapsus$ ដែលថ្មីៗនេះ ក្រុមហេគឃ័រនេះបានវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។ មុនពេលប្រកាសអំពីការរំលោភបំពានទិន្នន័យរបស់ក្រុមហ៊ុន Okta នោះ ក្រុមហេគឃ័រ Lapsus$ គម្រាមក្នុងការទម្លាយទិន្នន័យរបស់ក្រុមហ៊ុន Microsoft ផងដែរ។ នៅថ្ងៃដដែលនេះ ហេគឃ័រនេះក៏ចេញផ្សាយរូបភាព screenshots នៃការហេគទៅលើBing (45%), Bing Maps (90%)និង Microsoft virtual assistant Cortana (45%) source code ផងដែរ។
ក្រុមហេគឃ័រ Lapsus$ ក៏អះអាងទទួលខុសត្រូវចំពោះការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុន Nvidia និង Samsung ផងដែរ។ ក្រុមហ៊ុន Microsoft និយាយថា ក្រុមហេគឃ័រ Lapsus$ គឺមិនមានដានក្នុងការស្វែងរកដូចក្រុមហេគឃ័រផ្សេងនោះទេ៕