មេធាវីសហរដ្ឋអាមេរិកម្នាក់រាយការណ៍ថា បុរសជនជាតិរុស្សីម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រតិបត្តិការនៅលើទីផ្សារអ៊ីនធឺណិតតាមរយៈការលក់គណនីអ៊ីម៉ែល និងកាតឥណទានរបស់ជនរងគ្រោះជាច្រើនពាន់នាក់ដែលត្រូវគេហេគបាន។
លោក Igor Dekhtyarchuk អាយុ 23 ឆ្នាំត្រូវបានចោទប្រកាន់ដោយតុលាការរដ្ឋតិចសាស់នៅសហរដ្ឋអាមេរិកពីបទប្រតិបត្តិការនៅក្នុងទីផ្សារអ៊ីនធឺណិត Marketplace A ។ បុគ្គលនេះលក់ព័ត៌មានលម្អិតនៃគណនីអ៊ីម៉ែលចំនួន 48,000 រួមជាមួយនឹងគណនីបែកធ្លាយចំនួន 39,000 ផ្សេងទៀតរួមទាំងទិន្នន័យកាតបង់ប្រាក់ និងព័ត៌មានផ្សេងទៀតផងដែរដែលទាក់ទងនឹងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ជនរងគ្រោះជាច្រើន។ គេហទំព័រខុសច្បាប់នេះមានអ្នកចូលមើលជាមធ្យម 5,000 នាក់ក្នុងមួយថ្ងៃ។
ការចោទប្រកាន់ទៅលើលោក Dekhtyarchuk ធ្វើនៅថ្ងៃទី 16 ខែមីនានេះដោយគណៈវិនិច្ឆ័យធំរបស់សហព័ន្ធដោយចោទប្រកាន់គាត់ពី “បទល្មើសដែលទាក់ទងនឹងប្រតិបត្តិការទីផ្សារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលបានលក់អត្តសញ្ញាណប័ណ្ណ ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ជនរងគ្រោះជាច្រើនពាន់នាក់ និងឧបករណ៍ផ្ទៀងផ្ទាត់ផងដែរ” ។ យោងតាមមេធាវីអាមេរិកឱ្យដឹងថា ជនខិលខូចបានបង្ហាញខ្លួនជាលើកដំបូងនៅលើអ៊ីនធឺណិតក្នុងឆ្នាំ 2013 ក្រោមឈ្មោះហៅក្រៅថា “Floraby” ហើយបានចាប់ផ្តើមផ្សាយពាណិជ្ជកម្មការលក់ទិន្នន័យគណនីដែលត្រូវបានហេគនៅក្នុង Marketplace A នៅលើវេទិកាពួកហេគឃ័រ (Hacker) ជាភាសារុស្សី ៥ ឆ្នាំក្រោយមកផងដែរ៕