ក្រុមហ៊ុនអភិវឌ្ឍកម្មវិធី និងអាយធី Globant បានបញ្ជាក់អំពីការហេគមួយបន្ទាប់ពីក្រុមហេគឃ័រ Lapsus$ ចែករំលែកនូវទិន្នន័យចំនួន 70GB ដែលអះអាងថាបានលួចចេញពីក្រុមហ៊ុននេះ។ Lapsus$ ហាក់ដូចជាមិនស្ងប់ស្ងាត់យូរនោះទេក្រោយពេលដែលប៉ូលិសទីក្រុងឡុងដ៏ចាប់ខ្លួននូវសមាជិកជាច្រើនរបស់ក្រុមហេគឃ័រ Lapsus$ ។
ពេលនេះ ក្រុមហេគឃ័រនេះបានត្រឡប់មកវិញ និងចែករំលែកនូវទិន្នន័យចំនួន 70 GB នៅលើ torrent ហើយអះអាងថា ខ្លួននឹងទម្លាយនូវ source code របស់អតិថិជនចេញពីវេបសាយ Globant.com ផងដែរ។ នៅក្នុងរូបភាព screenshot មួយដែលចែករំលែកដោយហេគឃ័រ Lapsus$ ក៏មាន folders ជាច្រើននៅលើ BNP Paribas, DHL, Abbott, Facebook, Fortune និងជាច្រើនទៀត។
ជាចុងក្រោយ ក្រុមជំរិតទារប្រាក់នេះក៏បង្ហាញនូវព័ត៌មានសម្ងាត់របស់ admin ដែលអនុញ្ញាតអោយចូលទៅកាន់ Platforms ចាច្រើនដែលនៅក្នុងនោះមាន Crucible, Jira, Confluence និងGithub ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Globant មានបុគ្គលិកចំនួន 25,000 នាក់ស្ថិតនៅក្នុង 18 ប្រទេសហើយក្រុមហ៊ុននេះក៏ធ្វើការជាមួយនឹងក្រុមហ៊ុនធំៗជាច្រើនដូចជា Google, Rockwell Automation, Electronic Arts និង Santander ផងដែរ៕