អាជ្ញាធរសហរដ្ឋអាមេរិកបញ្ចាក់អំពីការបិទទៅលើគេហទំព័រ RaidForums ដែលជាទីផ្សារដ៏ពេញនិយមក្នុងការទិញ និងលក់ទិន្នន័យដែលបានហេគ។ គេហទំព័រ RaidForums ត្រូវបិទហើយចាប់តាំងពីដើមខែកុម្ភៈ។ តាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌ (DoJ) និយាយថា វេទិកានេះគឺមានការបង្ហោះនូវទិន្នន័យ Database ដែលមានរហូតដល់ទៅ 10 ពាន់លានរបស់ក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក និងជាច្រើនទៀត។
តុលាការបង្ហាញថា សហរដ្ឋអាមេរិករឹបអូសនូវ domains ចំនួន 3 ដែលមាននៅលើទីផ្សារនេះដែលមានដូចជា raidforums.com, Rf.ws និង Raid.lol ។ លោក Kenneth A. Polite និយាយថា “អាជ្ញាធរបានបិទទីផ្សារអនឡាញនេះដែលលក់នូវទិន្នន័យដែលហេគបានពីក្រុមឧក្រិដ្ឋជនអនឡាញដែលមានប្រភពចេញពីទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ។”
សេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ស្ថាបនិក និងប្រធានរបស់គេហទំព័រនេះគឺលោក Diogo Santos Coelho ដែលមានវ័យទើបតែ 21 ឆ្នាំនោះក៏ត្រូវបានចាប់ខ្លួននៅក្នុងចក្រភពអង់គ្លេសនៅចុងខែមករាឆ្នាំនេះផងដែរ។ លោក Diogo Santos Coelho ស្ថិតនៅក្នុងការធ្វើបត្យាប័នបញ្ជូនទៅកាន់សហរដ្ឋអាមេរិក។ ម្ចាស់របស់គេហទំព័រ RaidForums ត្រូវបានចោទប្រកាន់ពីការលួចចូលទៅកាន់ឧបករណ៍ដោយគ្មានការអនុញ្ញាតរបស់អ្នកប្រើប្រាស់ និងការលក់អត្តសញ្ញាណរបស់អ្នកដទៃ។ លោក Coelho ត្រូវគេសង្ស័យថាជាអ្នកគ្រប់គ្រងរបស់គេហទំព័រនេះចាប់តាំងពីឆ្នាំ 2015 រហូតដល់គាត់ត្រូវចាប់ខ្លួននៅក្នុងឆ្នាំ 2022 នេះ៕